Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្រ្តីព័ត៌មាន៖ សារព័ត៌មានដើរតួនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយការពិតជូនដល់ប្រជាជន និងពិភពលោក ហើយអ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងកិច្ចការងារនេះ

  • បោះពុម្ព

(ភ្នំពេញ)៖ សារព័ត៌មានដើរតួនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយការពិតជូនដល់ប្រជាជន និងពិភពលោក ហើយអ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងកិច្ចការងារនេះ។

នេះជាប្រសាសន៍បញ្ជាក់របស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបើក វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដល់អ្នកសារព័ត៌មានចំនួនជាង ១០០នាក់ រៀបចំឡើងដោយ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នាអគារសេរីភាព ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ លោករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ដើម្បីឱ្យសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មានត្រូវ អនុវត្តនូវគោលការណ៍ ៣ជាសំខាន់ គោរពក្រមសីលធម៌ សរសេរព័ត៌មានពិតឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង ។

លោកបានបញ្ជាក់ថា នៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន នឹងធ្វើឱ្យវិស័យសារព័ត៌មាន ទៅជាវិស័យអាទិភាពដើរតួនាទីសំខាន់ ជាសំឡេងរបស់កម្ពុជា មានន័យថា សារព័ត៌មានទាំងអស់ មានតួនាទីក្នុងការជួយផ្សព្វផ្សាយពីកម្ពុជា ទៅប្រជាជនទៅពិភពលោក។

ក្រសួងក៏បានផ្តោតទៅលើការធ្វើទំនើបកម្មស្ថាប័ន សំដៅអគារ សំភារៈ សម្រាប់បម្រើការងារប្រចាំថ្ងៃ និងទំនើបកម្មសមត្ថភាពរបស់មន្រ្តី និងអ្នកយកព័ត៌មាន ស្របតាមការផ្លាស់ប្តូរ និងការវិវត្តន៍របស់សង្គម។

ការធ្វើទំនើបកម្មនេះមិនត្រឹមតែក្នុងក្របខណ្ឌក្រសួងព័ត៌មាន នោះទេ គឺសម្រាប់អ្នកសារព័ត៌មានជារួមក៏ត្រូវធ្វើទំនើបកម្មនេះដែរ ដោយក្រសួងបាន ដាក់ឱ្យដំណើរការឡើងវិញនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលវិក្រឹត្យការសារព័ត៌មាន ដើម្បីជាការពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន សម្រាប់មានមូលដ្ឋានរឹងមាំក្នុងការផលិត និងសរសេរអត្ថបទព័ត៌មានដែលមានគុណភាព។

កម្រិតនៃចំណះដឹង និងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកបដោយគុណភាពដើម្បីបម្រើឱ្យអ្នកអានរបស់ខ្លួន និងដើម្បីចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព។

លោក នេត្រ ភក្ត្រា បានលើកពីកិច្ចការងារគាំពារមន្រ្តី និងអ្នកសារព័ត៌មាន ដោយក្រសួងព័ត៌មានព័ត៌មាន បានសហការជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូមេឌីក ដើម្បីទទួលបានការបញ្ចុះតម្លៃ ៣០% លើសេវាពិនិត្យសុខភាព ដោយគ្រាន់តែអ្នកសារព័ត៌មានអញ្ជើញទៅ បង្ហាញកាតដែលទទួលស្គាល់ដោយក្រសួងព័ត៌មាន ។

បច្ចុប្បន្ននៅកម្ពុជា មានសារព័ត៌មានបោះពុម្ពផ្សាយបានចុះបញ្ជីរនៅក្រសួងព័ត៌មាន មានចំនួនប្រមាណ ៥០០ អាជ្ញាបណ្ណ, វិទ្យុFM មានជាង២២១ ស្ថានីយ៍ នៅទូទាំងប្រទេស , ស្ថានីយ៍ទូរទស្សន៍ មាន ២១ ប៉ុស្ត៍ ទូរទស្សន៍ខ្សែកាបមានជាង ៩០ ប៉ុស្ត៍, សារព័ត៌មានអនឡានមានចំនួន ជាង ៩០០ អាជ្ញាបណ្ណ តែមានបងប្អូនមួយចំនួនទៀតបានប្រតិបត្តិការ ការងារសារព័ត៌មាន ដោយមិនចុះបញ្ជីត្រឹមត្រូវ។

ដូច្នេះសូមមកចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីប្រតិបត្តិការ ការងារជាអ្នកសារព័ត៌មាន ស្របតាមផ្លូវច្បាប់ ហើយក្រសួងព័ត៌មាន ផ្តល់នូវមេធាវីជួយការពារដល់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈបានត្រឹមត្រូវតាមផ្លូវច្បាប់ និងស្របតាមក្រមសីលធម៍វិជ្ជាជីវៈអ្នកសារព័ត៌មាន ។

លោក ហ៊ុន មករា ប្រធានសមាគមសម្ពន្ធ័អ្នកសារសកលសន្តិភាព បានជម្រាបជូនថា ការរៀបចំកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាព វិជ្ជាជីវៈអ្នកសារព័ត៌មាន នេះត្រូវបានធ្វើឡើងជាលើកទី៤ សម្រាប់រយៈពេល១ថ្ងៃ ដល់បងប្អូនអ្នក សារព័ត៌មាន ជាច្រើនអង្គភាព មកពីតាមបណ្តារាជធានីខេត្ត ក្រុងដែលមានសិក្ខាកាមចូលរួមសរុបប្រមាណជាង១០០ នាក់ ។

នៅក្នុងនៃវគ្គបណ្តុះបណ្តាលនេះដែរ លោក សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកភារកិច្ចដឹកនាំសម្របសម្រួលការងាររវាងក្រសួងព័ត៌មាន និងសមាគមសារព័ត៌មាននៅកម្ពុជា បានគួសបញ្ជាក់ពីកិច្ចការងារដើម្បី ពង្រឹង វិជ្ជាជីវៈនិងក្រមសីលធម៌របស់អ្នកសារព័ត៌មាន-ធ្វើឱ្យអ្នកសារព័ត៌មានយល់ដឹងពីតម្លៃនៃការចូលរួមដល់សង្គម និងខ្លួនឯងផ្ទាល់ ព្រោះសារព័ត៌មានជាអាវុធមុខពីរ។

ជាមួយនេះគឺចូលរួមសុខទុក្ខជាមួយបងប្អូនអ្នកសារព័ត៌មាន ដោយបានបង្កើតក្រុមមេធាវីការពារអ្នកសារព័ត៌មាន និងថ្មីៗនេះ លោករដ្ឋមន្ត្រី ក៏បានគិតគូរយកចិត្តទុកដាលើសុខមាលភាពដល់មន្រ្តីមន្ត្រីក្រសួង និងអ្នកសារព័ត៌មាន។ ពង្រឹងការងារចុះបញ្ជីសមាគមអ្នកសារព័ត៌មាន និងបណ្តាញព័ត៌មានផ្សព្វផ្សាយផ្សេងៗ ឱ្យឋិតក្រោមច្បាប់ ស្របតាមបទដ្ឋានគតិយុទ្ធរបស់ក្រសួង៕

ដកស្រង់ពី៖ Fresh News