Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចក្រឡាហោម ស ខេង ជំរុញមន្ដ្រីបន្ដខិតខំប្រឹងប្រែងផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាជូនប្រជាពលរដ្ឋ

  • បោះពុម្ព

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានជំរុញដល់មន្ដ្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្ដខិតខំប្រឹងប្រែងផ្ដល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាជូនប្រជាពលរដ្ឋ ដែលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ពួកគាត់ អស់សុពលភាពក្នុងការប្រើប្រាស់។

ដើម្បីធានានូវសិទ្ធិសេរីភាព ក៏ដូចជាកាតព្វកិច្ចនានារបស់ប្រជាពលរដ្ឋនៅក្នុងសង្គម ក្រសួងមហាផ្ទៃ បានដាក់ចេញផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣

និងបានបង្កើតក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ព្រមទាំងណែនាំដល់ថ្នាក់ក្រោមជាតិ ជំរុញការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ជូនប្រជាពលរដ្ឋដែលអស់សុពលភាពបានប្រើប្រាស់។

ក្នុងកិច្ចប្រជុំដើម្បីត្រួតពិនិត្យផលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា, សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ផែនការយុទ្ធនាការ

ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតានេះ នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ក៏ប៉ុន្តែក្រសួងមហាផ្ទៃបានស្នើសុំរាជរដ្ឋាភិបាល ដើម្បីពន្យាផែនការនេះរហូតដល់ថ្ងៃប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដើម្បីបន្តអនុវត្តការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នា។

សម្តេចក្រឡាហោម ស ខេង បានអះអាងទៀតថា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃបិទបញ្ចប់ នេះគ្រាន់តែជាការបិទបញ្ចប់នៃផែនការយុទ្ធនាការតែប៉ុណ្ណោះ

តែមិនមែនមានន័យថា ឈប់ផ្តល់សេវាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាជូនប្រជាពលរដ្ឋបានទៀតនោះទេ ពោលប្រជាពលរដ្ឋនៅតែមានសិទ្ធិអាចទៅទទួលសេវាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដដែល។

គួរជម្រាបថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យអំពីចំណុចខ្លាំង និងចំណុចខ្សោយ បញ្ហាប្រឈមនានា និងបទពិសោធន៍ ដើម្បីមានមូលដ្ឋានក្នុងការដាក់ចេញនូវទិសដៅបន្ត និងវិធានការសំខាន់ៗ សម្រាប់បម្រើឲ្យការងារបោះឆ្នោត

ជូនប្រជាពលរដ្ឋនៅឆ្នាំខាងមុខ ជាពិសេសនៅឆ្នាំ២០២៧ និង២០២៨ ដែលជាឆ្នាំនៃការរៀបចំដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៨ ផងដែរ។

ក្នុងឱកាសនោះ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា

បានធ្វើសេចក្តីរាយការសង្ខេបស្តីពីលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា គោរពជូនសម្តេចក្រឡាហោម

និងអង្គប្រជុំបានជ្រាបថា ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ឆ្នាំ១៩៩០ និងដើមទស្សវរ៍ឆ្នាំ២០០០ កម្ពុជាបានចាប់ផ្តើមផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ ដែលជាអត្តសញ្ញាណប័ណ្ណដែលផលិតតាមនិយាមធម្មតា ជាក្រដាស និងផ្លាស្ទិច ចំនួន០៣លើក ដោយមិនប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននោះទេ។

ប៉ុន្តែមកដល់ឆ្នាំ២០១១ ក៏បានប្រែក្លាយប្រភេទអត្តសញ្ញាណប័ណ្ណអេឡិកត្រូនិច ដោយប្រើបច្ចេកវិទ្យាជីវមាត្រចាប់យកខ្ចៅដៃទាំង១០ អាចទប់ស្កាត់និន្ន័យស្ទួន (ការធ្វើ២ដង)។

ការផ្តល់អត្តសញ្ញាណប័ណ្ណអេឡិកត្រូនិចនេះ បានចាប់ផ្តើមអនុវត្តជាផ្លូវការពីឆ្នាំ២០១២ ដែលគិតរហូតមកដល់បច្ចុប្បន្ននេះ ការផលិតផ្តល់ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៥ឆ្នាំឡើង បានប្រមាណ១២លានសន្លឹក ដែលមានសុពលភាពរយៈពេល១០ឆ្នាំ។

លោកសន្តិបណ្ឌិត បានបន្តថា អំឡុងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាពប្រើប្រាស់ប្រមាណ ១,៧២៧,០៩៤សន្លឹក។

ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជូនប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំឡើង គិតចាប់ពីឆ្នាំ២០១២ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានចំនួនសរុប ១២,៧៩៣,៦៧៩ទិន្នន័យ។

ចំពោះការផ្តល់ជូនអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានចំនួន ៩២៩,៨១៦ស្មើ៥៤% លើទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាពក្នុងឆ្នាំ២០២២ និងត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានចំនួនសរុប ១,៧២៧,០៩៤ នាក់។

ហើយចំនួនដែលនៅបន្តផ្តល់ជូនមាន ៧៩៧,២៧៩នាក់៕

ដកស្រង់ពី៖ Fresh News