បណ្តាញសង្គម

អភិបាលរាជធានី៖ ការអភិវឌ្ឍរាជធានី ត្រូវធ្វើឡើងទៅតាម ប្លង់គោលរាជធានី ឆ្នាំ២០៣៥ ទាំងការអភិវឌ្ឍប្រឡាយទឹក និងសំណង់ផ្សេងៗ

ភ្នំពេញ៖ ការអភិវឌ្ឍរាជធានី ត្រូវធ្វើឡើងទៅតាមប្លង់គោលរាជធានី ឆ្នាំ២០៣៥ ទាំងការអភិវឌ្ឍប្រឡាយទឹក និងសំណង់ផ្សេងៗ ជាមួយនឹងការកែប្រែ (Update) ប្លង់គោលនេះមួយចំនួនឡើងវិញ ដើម្បីងាយស្រួល ក្នុងការផ្តល់ប្លង់ កម្មសិទ្ធិដីធ្លី ជាលក្ខណៈប្រព័ន្ធ ជូនប្រជាពលរដ្ឋ ឱ្យបានលឿន។

នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោក បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការកែសម្រួល និងធ្វើបច្ចុប្បន្នភាព ប្លង់គោលរាជធានី ឆ្នាំ២០៣៥ និងលើកទិសដៅអនុវត្តបន្ត

នៅរសៀលថ្ងៃទី២៩ ខែវិច្ជិកា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។លោក ឃួង ស្រេង បានមានប្រសាសន៍ថាៈ នៅរាជធានីភ្នំពេញ បានបង្កើតឡើងនូវប្លង់គោល ជាច្រើន តែសម្រាប់ការប្រជុំថ្ងៃនេះ យើងលើកយកតែ ប្លង់គោលប្រើប្រាស់ដីថា្នក់ខណ្ឌ ចក្ខុវិស័យ ឆ្នាំ២០៣៥ ប៉ុណ្ណោះ មកប្រជុំពិភាក្សា និងលើកទិសដៅអនុវត្តបន្ត ដើម្បីឱ្យថ្នាក់ ខណ្ឌ បានយល់ពីគម្រោងអភិវឌ្ឍប្លង់មេ និងធ្វើកិច្ចការងារនេះឡើងវិញ ។

លោក ឃួង ស្រេង អភិបាលរាជធានី បានណែនាំថាៈ សម្រាប់ភូមិបាលខណ្ឌ ត្រូវក្តាប់ប្លង់មេ ឱ្យបានច្បាស់លាស់ មុនផ្តល់ឱ្យគេធ្វើអ្វីមួយ ពោលគឺ ការអភិវឌ្ឍក្រុង ត្រូវធ្វើឡើងទៅតាម ប្លង់មេ ទាំងប្រឡាយទឹក ក៏ដូចជាសំណង់ផ្សេងៗ ។

លោក ឃួង ស្រេង បានបន្តទៀតថាៈ ខណ្ឌមួយចំនួន យើងរៀបចំប្លង់គោលប្រើប្រាស់ដី ថា្នក់ខណ្ឌ ចក្ខុវិស័យឆ្នាំ២០៣៥ រួចហើយ នៅសល់ខណ្ឌ ទើបបង្កើតថ្មីមួយចំនួនប៉ុណ្ណោះ ដែលមិនទាន់បានរៀបចំ ដែលយើងត្រូវសិក្សា ពីប្លង់មេ ឱ្យបានច្បាស់ ។

៨ឆ្នាំ ទៅ ១០ឆ្នាំ ប្លង់គោលរាជធានី ត្រូវកែប្រែ (Update) ឡើងវិញ ដើម្បីងាយស្រួលផ្តល់ប្លង់កម្មសិទ្ធិដី ជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ឱ្យបានលឿន។ មន្ទីរជំនាញ អភិបាលខណ្ឌ ទាំង១៤ ត្រូវពិនិត្យឱ្យ បានជាក់លាក់ លើប្លង់គោល ជៀសវាងពីការរំលោភ ទៅលើប្លង់គោល ២០៣៥ នេះ។

គួរបញ្ជាក់ថា ចក្ខុវិស័យដល់ឆ្នាំ២០៣៥ នៃប្លង់គោលប្រើប្រាស់ដីថ្នាក់ខណ្ឌ គឺជំរុញការគាំទ្រ និងអភិវឌ្ឍរាជធានីភ្នំពេញ ជា

“ បេះដូងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅលើ ចំណុចពិសេស នៃប្រសព្វទន្លេបួន ហៅថា ទន្លេបួនមុខ ដែលជាអត្តសញ្ញាណតែមួយគ្មានពីរ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ ប្រកបដោយសក្ដានុពល

ប្រកួតប្រជែង ជាមួយការអភិវឌ្ឍមួយ ប្រកបដោយវឌ្ឍនភាព សមធម៌ និងចីរភាព ព្រមទាំងសំដៅរៀបចំ និងអភិវឌ្ឍខណ្ឌ ជាតំបន់ស្នូល នៃរាជធានីភ្នំពេញ

សម្រាប់រដ្ឋបាល នយោបាយ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ប្រកបដោយ គុណភាពបរិស្ថាន រស់នៅល្អប្រសើរ សុខុដុមនីយកម្ម ភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន៕

ដកស្រង់ពី៖ រស្មីកម្ពុជា