បណ្តាញសង្គម

សម្ដេចតេជោ ហ៊ុន សែន នឹងជួបជាមួយអ្នកសារព័ត៌មានលើកទី៥ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងជួបជាមួយអ្នកសារព័ត៌មាន ដោយផ្ទាល់លើកទី៥ នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងព័ត៌មាន ស្ដីពីការចុះឈ្មោះចូលរួមពិធីជួបជុំ រវាងសម្ដេចតេជោ នាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣។

ក្រសួងព័ត៌មាន បានបញ្ជាក់ថា «យោងលិខិតលេខ ៨៦១ សជណ.ពប ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្តី ស្តីពី រាជរដ្ឋាភិបាលឯកភាពឲ្យក្រសួងព័ត៌មាន

រៀបចំពិធីជួបជុំរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយអ្នកសារព័ត៌មាន ដោយផ្ទាល់លើកទី៥ ឆ្នាំ២០២៣ នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ»។

ដោយសារតែបញ្ហាវិបត្ដិជំងឺកូវីដ-១៩ ជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយនឹងអ្នកសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា ត្រូវបានលើកពេលរយៈពេល២ឆ្នាំមកហើយ ពោលកាលពីជំនួបលើកទី៤ បានរៀបចំធ្វើឡើង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។

ក្នុងជំនួបលើកទី៤នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសកំណត់យកថ្ងៃទី១៤ ខែមករា ជារៀងរាល់ឆ្នាំ ដើម្បីជាការជួបគ្នារវាងសម្ដេច ជាមួយអ្នកសារព័ត៌មាន។

គួរជម្រាបថា ក្នុងពេលអញ្ជើញផ្តល់កិត្តិយសពិសាអាហារសាមគ្គីនេះ សម្តេចតេជោ ហ៊ុន សែន តែងតែបានធ្វើការវាយតម្លៃចំពោះការបំពេញការងារ របស់អ្នកព័ត៌មានកម្ពុជា ហើយក៏តែងផ្តល់នូវអនុសាសន៍ ផ្សេងៗ ដើម្បីជាការកែលំអរឲ្យការងារព័ត៌មាននេះ បានចូលរួមចំណែកកាន់តែមានប្រសិទ្ធភាព បន្ថែមទៀតក្នុងការជួយកែលំអរ និងអភិវឌ្ឍន៍សង្គមកម្ពុជា។

វិស័យព័ត៌មានត្រូវបានគេចាត់ទុកជាវិស័យមួយ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាង ស្ថាបនាសង្គមកម្ពុជាតាមគន្លង នៃប្រជាធិបតេយ្យ ចូលរួមកែលំអរសង្គម លុបបំបាត់អំពើពុករលួយ និងភាពអសកម្មទាំងឡាយ។

ព័ត៌មានក៏បានក្លាយជាអ្នកនាំសារ និងជាស្ពានចម្លងដ៏ពិសិដ្ឋមួយរវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលផងដែរ។ 

ដកស្រង់ពី៖ Fresh News