បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន បង្ហាញឈុតសម្តែងក្នុងភាពយន្តកូនប្រុស ក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ត្រង់ចំណុចគ្រួសារមួយយកកូនស្រីមកផ្ញើជាមួយអង្គភាពកងទ័ព ព្រោះខ្លាចពួកឈ្លានពានធ្វើបាប

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញឈុតសម្តែងថ្មីមួយទៀត ក្នុងភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី។

នៅក្នុងឃ្លីបនេះ គឺជាឈុតសម្តែងបង្ហាញពីប្រជាពលរដ្ឋបានភ័យខ្លាចនឹងការធ្វើបាប របស់ទាហានវៀតណាមខាងត្បូង ក៏បានយកកូនទៅផ្ញើនឹងមេបញ្ជាការ «សំរេច» ជួយមើលថែ។

សម្តេចតេជោ បានគូសបញ្ជាក់ថា ឈុតសម្តែងនេះ បង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងកំលុងខែឧសភា ឆ្នាំ១៩៧០ ពេលកងទ័ពអាមេរិក និងវៀតណាមខាងត្បូង វាយកាន់កាប់ស្រុកស្នួល ខេត្តក្រចេះ និងផ្លូវជាតិលេខ៧។

បើតាមឈុតសម្តែងនេះបានបង្ហាញថា ពេលវាយលុកលុយចូលកាន់កាប់ស្រុកស្នួលនេះ ប្រជាពលរដ្ឋបានខ្លាចរអានឹងកងទ័ពឈ្លានពាននេះជាខ្លាំង ព្រោះវាបានធ្វើបាបអ្នកស្រុក ជាពិសេសកូនស្រីអ្នកស្រុក។ ព្រោះតែខ្លាចក្រុមទ័ពឈ្លានពានធ្វើបាបកូននេះ ទើពលរដ្ឋមួយគ្រួសារដែលមានការរាប់អានជាមួយមេបញ្ជាការ «សំរេច» សម្រេចចិត្តយកកូនស្រីទៅផ្ញើជាមួយលោកមេបញ្ជាការ។

សូមបញ្ជាក់ថា ឈុតសម្តែងនៅក្នុងភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ចំនួន១៤ឃ្លីបហើយត្រូវបានសម្តេចតេជោ បង្ហាញជាសាធារណៈ។

ឈុតសម្តែងដែលសម្តេចតេជោទម្លាយ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសាធារណជន។

ភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាភាពយន្តទាក់ទិនទៅនិងដំណើរជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាម លន់ នល់

រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគី សម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នកស្នេហាជាតិ មករំដោះប្រទេសចេញ ពីរបបប៉ុលពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។

ជាពិសេសទាក់ទិនទៅនិងជីវិតពិតរបស់សម្តេចផ្ទាល់ ចាកចេញពីមាតាបិតាបងប្អូនបង្កើតរបស់សម្តេចពីភូមិកំណើត មកស្វែងរកការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ការស្នាក់នៅអាស្រ័យជាមួយព្រះសង្ឃក្នុងវត្តនាគវ័ន្ត។ ភាពយន្តមានប្រមាណ ៥២ភាគ។

ក្រុមការងារផលិតភាពយន្តនេះ បានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកងកម្លាំង ៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ។

ភាពយន្តនេះគ្រោងប្រើពេលថតប្រមាណ ១២ខែកន្លះយ៉ាងតិច ហើយការកាត់តដំឡើងរូបភាព និងត្រូវបញ្ចប់មុនពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ភាពយន្តដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិនេះ គ្រោងចំណាយថវិកាសម្រាប់ផលិតប្រមាណជា ៦លានដុល្លារអាមេរិក។

បច្ចុប្បន្នថតបានប្រមាណជា ៣០ភាគរយហើយ។ ថវិកាដែលចំណាយថតភាពយន្តនេះ មិនមែនជាថវិកាជាតិនោះឡើយ៕

 

ដកស្រង់ពី៖ Fresh News