បណ្តាញសង្គម

មន្ដ្រីជាន់ខ្ពស់ក្រសួងការងារ៖ បើកចំហរស្វាគមន៍គ្រប់បណ្ដាវិនិយោគិនលើពិភពលោក ដើម្បីផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋ

(ភ្នំពេញ)៖ លោកស្រី សៅ ស្រីពៅ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ដោយសារការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ បានធ្វើឲ្យអ្នកវិនិយោគជាច្រើន ចាប់អារម្មណ៍ការវិយោគ និងរកស៊ីនៅកម្ពុជា គ្រាដែលកម្ពុជាបានបើកជំហរស្វាគមន៍វិនិយោគិនគ្រប់ប្រទេស មិនមែនតែវិនិយោគិនចិននោះទេ។

ការលើកឡើងនេះ បន្ទាប់ពីលោកស្រីបានអញ្ជើញចូលរួមក្នុងសន្នីសីទ ស្ដីពីវិនិយោគសកលតំបន់ឈូងសមុទ្រក្វាងទុង ហុងកុង និងម៉ាកាវ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលរៀបចំដោយតំណាងការិយាល័យសេដ្ឋកិច្ចខេត្តក្វាងទុង ប្រចាំនៅប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងនោះក៏មានការចូលរួមពីលោក សឺន សូថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកិច្ចការទូទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក Wu Guoguan ទីផ្សារការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជាផងដែរ។

លោកស្រីបន្ដថា ដោយសារការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើឲ្យកម្ពុជា មានការអភិវឌ្ឍ

និងរីកចម្រើនលើគ្រប់វិស័យ ហើយលំហូរវិនិយោគិនបរទេសមកកម្ពុជាក៏ច្រើនផងដែរ មិនថាវិស័យឧស្សហកម្ម ពាណិជ្ជកម្ម ឬកសិកម្មឡើយ ដែលរួមចំណែកឲ្យមានការអភិវឌ្ឍទូទាំងប្រទេស ទាំងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងការនាំចេញ-នាំចូលជាដើម ដែលផ្ដល់ឱកាសការងារជាច្រើន ដល់ប្រជាពលរដ្ឋទៀតផង ។

ពាក់ព័ន្ធនឹងសន្និសីទខាងលើវិញ លោកស្រីបានសម្ដែងនូវសេចក្ដីរីករាយ ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងនិយោគិនចិន ជាមួយកម្ពុជា ។

ប៉ុន្ដែក្រៅពីចិន កម្ពុជាគឺបើកជើងមេឃស្វាគមន៍គ្រប់បណ្ដាវិនិយោគិនលើពិភពលោក ដើម្បីមកធ្វើការវិនិយោគនៅកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍កម្ពុជាឲ្យកាន់តែរីកចម្រើន ជឿនលឿន និងទាន់សម័យកាលសកលភាវូបនីយកម្មពិភពលោក ទាំងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និយោបាយ និងការនាំចេញ-នាំចូលជាដើម ។

សូមបញ្ជាក់ថា សន្និសីទវិនិយោគសកល ឆ្នាំ២០២២ ដែលមានការចូលរួមជាច្រើនពីបណ្ដាវិនិយោគិន និងក្រុមហ៊ុនធំៗរបស់ចិននៅកម្ពុជានេះ

គឺដើម្បីបង្ហាញពីភាពពេញលេញនូវឱកាសអភិវឌ្ឍន៍ និងសក្ដានុពលវិនិយោគនៅតំបន់ឈូងសមុទ្រក្វាងទុង ហុងកុង និងម៉ាកាវ ហើយក៏ជាការផ្សព្វផ្សាយ និងបង្ហាញពីសមិទ្ធផលដ៏អស្ចារ្យនៃការសាងសង់តំបន់នេះទៅកាន់ពិភពលោកផងដែរ៕

ដកស្រង់ពី៖ Fresh News