បណ្តាញសង្គម

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ រាជរដ្ឋាភិបាល បាននិងកំពុង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង បង្កើត​លក្ខខណ្ឌ​អំណោយផល​បន្ថែមទៀត សម្រាប់​ការនាំចេញ និង​ការទាក់ទាញ ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​

ភ្នំពេញៈ សម្រាប់ពេលបច្ចុប្បន្ន និងបន្តទៅមុខ រាជរដ្ឋាភិបាល បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀត សម្រាប់ការនាំចេញ និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស

ជាពិសេសមកកាន់ តំបន់សេដ្ឋកិច្ចពិសេស ដោយដាក់ចេញនូវវិធានការសំខាន់ៗ មួយចំនួន រួមមាន ការអនុម័តច្បាប់វិនិយោគថ្មី សំដៅលើកកម្ពស់ការប្រកួតប្រជែង និងលើកទឹកចិត្តដល់ វិនិយោគិនឱ្យបណ្តាក់ទុន

និងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា តាមរយៈការផ្តល់នូវ ការលើកទឹកចិត្តជាច្រើន ជាពិសេសការអនុគ្រោះផ្នែកសារពើពន្ធ និងការពង្រឹងភាពធន់ នៃសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនសមត្ថភាព និងជំនាញបច្ចេកទេសវិជ្ជាជីវៈរបស់

កម្លាំងពលកម្ម ក៏ដូចជាសហគ្រាសក្នុងស្រុក ដើម្បីឱ្យក្លាយជាសសរទ្រូង និងមូលដ្ឋាន គ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ហើយកិច្ចការទាំងនេះ ពិតជាត្រូវការជាចាំបាច់ នូវការចូលរួមរបស់តំបន់សេដ្ឋកិច្ចពិសេស,

ក្រុមហ៊ុនជាតិ និងអន្តរជាតិ រួមទាំងបងប្អូន កម្មករ-និយោជិត ដែលសុទ្ធសឹងជាដៃគូដ៏សំខាន់ បម្រើឱ្យគោលដៅនេះ។នេះជាការបញ្ជាក់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធរោងចក្រ RMKH Glove (Cambodia) Co. Ltd. នៅទីក្រុងបាវិត នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តបណ្តាក់ទុន យ៉ាងមោះមុតពីសំណាក់ក្រុមហ៊ុន Medtecs Manhattan Group ជាពិសេស ក្នុងការសាងសង់រោងចក្រផលិតស្រោមដៃពេទ្យ បែបទំនើបខ្នាតធំ នៅក្នុងទីក្រុងបាវិត ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០២១ គឺអំឡុងពេលដែលប្រទេសកម្ពុជា កំពុងទទួលរង នូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងទ្រង់ទ្រាយធំ និងមិនទាន់បានងើបចេញពីវិបត្តិ នៃជំងឺនេះនៅឡើយ។

ទង្វើនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញថា ក្រុមហ៊ុន ពិតជាមានការជឿជាក់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមសុខរួមទុក្ខជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ មួយវិញទៀត ការបណ្តាក់ទុននេះ

ក៏ជាការចូលរួមចំណែកយ៉ាង សំខាន់ របស់ក្រុមហ៊ុន នៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសនៅក្នុង ការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថាៈ ទីក្រុងបាវិត ជាមជ្ឈមណ្ឌល ផលិតកម្ម ដែលបានស្រូបយកកម្លាំងពលកម្មដ៏ច្រើនសន្ធឹកសន្ធាប់ និងគ្រប់ផ្នែក គ្រប់វិស័យ ហើយក៏អាចត្រូវបានចាត់ទុកជានិមិត្តរូប នៃការអភិវឌ្ឍរីកចម្រើននៅក្នុង ប្រទេសកម្ពុជាផងដែរ។

ជាក់ស្តែង ក្រុងបាវិត មានតំបន់សេដ្ឋកិច្ចពិសេសជាច្រើន ដោយក្នុងនេះ មានរោងចក្រសរុបចំនួន ១៧៨ និងបានផ្តល់ការងារជូនដល់ប្រជាពលរដ្ឋ ប្រមាណជាង ៩ ម៉ឺននាក់ ដែលពិតជាខុសស្រឡះពីការភ័ន្តច្រឡំមួយចំនួនដែលយល់ថា

ទីក្រុងបាវិតជាទីក្រុងនៃសេវាកម្មកាស៊ីណូ។ លោកបណ្ឌិត បានលើកឡើងថាៈ ក្នុងរយៈពេលប្រមាណជាងពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានក្លាយជាគោលដៅសំខាន់មួយនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលជាកត្តានាំឱ្យកម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ច

លឿនជាងគេ នៅក្នុងសកលលោក ជាមួយនឹងអត្រាកំណើន ជាមធ្យមប្រមាណជាង ៧% ក្នុងមួយឆ្នាំ។

អត្រាកំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជាផ្លាស់ប្តូរឋានៈ ពីប្រទេស ចំណូលទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប ចាប់តាំងពីឆ្នាំ២០១៥ និងបានជួយឱ្យប្រជាជនកម្ពុជា បានងើបចេញពីភាពក្រីក្រ ដោយអត្រាភាពក្រីក្រ នៅកម្ពុជាបានធ្លាក់ចុះពីប្រមាណ ៥៣% ក្នុងឆ្នាំ២០០៤ មកត្រឹម ១៧,៨ % ប៉ុណ្ណោះ ក្នុងឆ្នាំ២០២០។

ជោគជ័យដ៏ត្រចះត្រចង់នេះ គឺមិនមែនបានមកដោយចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងការសម្រេចចិត្តដ៏ត្រឹមត្រូវ ជាពិសេស ការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ

របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយម របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានបញ្ចប់សង្គ្រាមស៊ីវិលនិងសម្រេចបាននូវសន្តិភាព ពេញលេញនៅទូទាំងផ្ទៃប្រទេស៕

ដកស្រង់ពី៖ រស្មិកម្ពុជា