បណ្តាញសង្គម

អ្នកនាំពាក្យ៖ ក្រសួងអប់រំ ហាមដាច់ខាតការប្រើប្រាស់បារីអេឡិចត្រូនិកនៅតាមគ្រឹះស្ថានសិក្សា បើមាន នឹងចាត់វិធានការ

នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បញ្ជាក់ថា ក្រសួង ហាមជាដាច់ខាតសម្រាប់ការប្រើប្រាស់បារីអេឡិចត្រូនិកនៅក្នុងគ្រឹះស្ថានសិក្សាទូទាំងប្រទេស។

លោកថា បើក្នុងករណីមានការប្រើប្រាស់បារីអេឡិចត្រូនិកនេះ គឺគណៈគ្រប់គ្រងសាលា នឹងចាត់វិធានការជាបន្ទាន់។

លោក រស់ សុវាចា បញ្ជាក់ដូច្នេះថា៖ «ថ្មីៗនេះ ក្រសួងចេញសេចក្ដីណែនាំថ្មីមួយ ទាក់ទងនឹងការប្រើប្រាស់បារីអេឡិច ត្រូនិក គឺមិនឲ្យមានជាដាច់ខាត»។

អ្នកនាំពាក្យរូបនេះ លើកឡើងថា មិនចំពោះតែបារីអេឡិចត្រូនិកនោះទេ សូម្បីតែការប្រើប្រាស់គ្រឿងញៀន ការសេពគ្រឿងស្រវឹង ក៏ក្រសួងអប់រំ ហាមឃាត់ជាដាច់ខាតផងដែរ ដោយមិនអនុញ្ញាតឲ្យមានការប្រើប្រាស់នៅក្នុងគ្រឹះស្ថានសិក្សាឡើយទាំងគ្រឹះស្ថានសាធារណៈ និងឯកជន នៅទូទាំងប្រទេស។

លោក បន្ថែមថា បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា បាននឹងបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្ការ ទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ការសេពគ្រឿងស្រវឹង និងការប្រើប្រាស់បារីគ្រប់ប្រភេទ។

ប៉ុន្តែប្រសិនបើនៅក្នុងករណី ក៏តែមានសកម្មភាពបែបនេះ គឺគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទូទាំងប្រទេស

ដោយសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ត្រូវចាត់វិធានការរដ្ឋបាលជាបន្ទាន់ ដើម្បីលុបបំបាត់ឲ្យបាននូវបាតុភាពទាំងនេះ។

លោក រស់ សុវាចា សង្កត់ធ្ងន់ថា ការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ការសេពគ្រឿងស្រវឹង និងការប្រើប្រាស់បារីគ្រប់ប្រភេទនៅក្នុងមូលដ្ឋានសិក្សា

គឺជាការចូលរួមលើកកម្ពស់សុខភាពបុគ្គល គុណភាពអប់រំ និងគុណភាពជីវិត៕

ដកស្រង់ពី៖ កម្ពុជាថ្មី