បណ្តាញសង្គម

សម្តេចតេជោ បញ្ជាឱ្យបោះបង្គោលធំៗសម្រាប់ព្រំដែនទឹកបឹងទន្លេសាប«ការពារបង្គោលចេះដើរ»

រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរត្រូវកសាងបង្គោលព្រំដែនទឹកបឹងទន្លេសាបជាបង្គោលធំៗ ការពារកុំឱ្យបង្គោលចេះដើរ និងត្រូវកាត់ឆ្វៀលដីភូមិ និងចំការកាន់កាប់ដោយពលរដ្ឋឱ្យបានត្រឹមត្រូវ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងសេចក្តីថ្លែងសារពិសេសមានរយៈពេលប្រមាណជាង៤៣នាទី ចេញនៅព្រឹកថ្ងៃទី ២៧ ខែឧសភា បានបញ្ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តម ជា សុផារ៉ា

និងរដ្ឋមន្ត្រីក្រសួងធនធានទឹក រដ្ឋមន្ត្រីក្រសួងកសិកម្ម អាជ្ញាធរបឹងទន្លេសាប និងអ្នកជាប់ពាក់ព័ន្ធធ្វើការឱ្យបានម៉ត់ចត់លើបញ្ហាបឹងទន្លេសាបដែលកន្លងបានត្រូវបានជនខិលខូចលួចកាប់ទន្ទ្រានរំលោភយកដីបឹងដែលត្រូវបានបង្ក្រាប និងរឹបអូសយកមកវិញនាពេលកន្លងមក ។

សម្តេចបញ្ជាក់ថា កាលពីម្សិលមិញ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា សម្តេចបានដាក់ចេញនូវបទបញ្ជាជូនឯកឧត្តម ជា សុផារ៉ា បន្តការពិនិត្យតទៅទៀត ។

ការពិនិត្យនោះដោយផ្អែកទៅលើការងារ ៣សំខាន់ ។ ក្នុងនោះសម្តេចបានយកគោលការណ៍ ២ មកថ្លឹងថ្លែង គឺទី១ រវាងទន្លេសាបដែលត្រូវធ្វើការអភិរក្ស និងទី២ គិតគូរកត្តាមួយចំនួន គឺពាក់ព័ន្ធកត្តាប្រវត្តិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាជនផងដែរ ដែលតម្រូវឱ្យយើងត្រូវធ្វើគោលការណ៍ ៣ នាពេលខាងមុខ ។

ទី១ -ពិនិត្យពិចារណាភូមិសាស្ត្រជាក់ស្តែងក្នុងការកាត់ឆ្វៀលចេញពីតំបន់២ ឬតំបន់៣ សម្រាប់ទីតាំងដែលមានប្រជាជនរស់នៅជាក់ស្តែង កើតជាភូមិក ជាឃុំ ជាស្រុក មានទីវត្តអារាម ហើយភូមិកខ្លះ គឺកើតមានតាំងពីយូរយារណាស់មកហើយ ។

«នេះជាចំណុចទី១ ត្រូវតែឆ្វៀលចេញតំបន់២ក្តី តំបន់៣ក្តី ដែលប្រជាជនបានរស់នៅជាភូមិក មានទាំងសាលារៀន មានទាំងវត្តអារាម យូរយារមកហើយ ។

មិនអាចចាត់ទុកថា តំបន់៣ ត្រូវតែបោសសម្អាតប្រជាជន ហើយយកប្រជាជនចេញពីតំបន់នោះទេ» ។

ដើម្បីបញ្ចៀសការយល់ច្រឡំបណ្តេញប្រជាជនចេញដែលនេះជាចំណុចដែលត្រូវជៀសវាង និងជាការទទួលខុសត្រូវរបស់អាជ្ញាឃុំ ស្រុក ខេត្ត ដើម្បីបញ្ជាក់អំពីអត្តសញ្ញាណកម្មប្រជាជនរស់នៅ និងអាស្រ័យផលនៅទីនោះ ។

ចំណុចទី២ គឺត្រូវកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ឡើងវិញ ដោយផ្អែកលើស្ថានភាពជាក់ស្តែង ពិសេសផ្ទៃដីដែលចាំបាច់ និងសមហេតុសមផលសម្រាប់ការពារតំបន់ព្រៃលិចទឹកនៃបឹងទន្លេសាប ក្នុងស្ថានភាពថ្មីដែលមានរួច និងក្នុងស្ថានភាពគោករាក់ ហើយដែលប្រជាជនធ្លាប់បង្កបង្កើនផល ។

«អ៊ីចឹង ក្នុងចំណុចនេះ យើងមិនងាប់ក្រឡាទេ ។ ដោយសារតែកន្លែងខ្លះ គឺមានការគោករាក់ ហើយប្រជាជនបានទៅធ្វើស្រែចំការនៅទីនោះយូរណាស់មកហើយ ។

អ៊ីចឹង យើងមិនមានជាការលំបាកទេ យើងចុះហត្ថលេខាបាន យើងក៏អាចលុបវាបាន ដើម្បីកែសម្រួលព្រំប្រទល់ដាក់វាដូចជា តំបន់ស្បែកខ្លា អំពាវនាវកុំឱ្យប្រជាជនកាប់បន្ថែមតែប៉ុណ្ណឹង» ។

ប៉ុន្តែសម្រាប់ប្រជាជន ដែលកំពុងអាស្រ័យផលនៅទីនោះ ហើយមិនមែនជាពួកថៅកែ ដែលទៅធ្វើសកម្មភាពកន្លងទៅហើយត្រូវបានយើងដកហូត គឺសម្រាប់ប្រជាជនបានអាស្រ័យផលនៅទីនោះដោយគ្មានកន្លែងផ្សេងទៀតត្រូវកែសម្រួលលិខិតគតិយុត្ត និងកែសម្រួលបង្គោលជាដើម ។

កិច្ចការងារនេះ ឯកឧត្តម ជា សុផារ៉ា និងក្រសួងធនធានទឹក ក្រសួងកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធត្រូវកែសម្រួលឡើងវិញជូនប្រជាពលរដ្ឋរបស់យើង។ ត្រូវប្រើបង្គោលឱ្យធំ ។

កុំប្រើបង្គោលតូចៗ គឺត្រូវធ្វើបង្គោលធំៗ គឺធំដូចបង្គោលព្រំដែន ព្រោះដោះបង្គោលតូចៗងាយរំកិលណាស់ ដូច្នេះការបោះ បង្គោលធំៗក្នុងបឹងទន្លេសាបជាព្រំប្រទល់គឺងាយប្រជាពលរដ្ឋបានឃើញ និងពិសេសប្រើប្រាស់បង្គោលធំៗនឹងត្រូវចំណាយច្រើន តែបោះបង្គោលធំៗ គឺដើម្បីការពារបង្គោលកុំឱ្យវាចេះដើរ ។

បោះឱ្យញឹក និងបង្គោលធំៗ មិនអាច ៣គីឡូម៉ែត្រ មានបង្គោលមួយ ឬ ៥គីឡូម៉ែត្រមានបង្គោលមួយនោះបានទេ ត្រូវធ្វើបង្គោលឱ្យបានមាំទាំបន្តិច ។ ឯកឧត្តមជា សុផារ៉ា និងអាជ្ញាធរខេត្តទទួលខុសត្រូវ ៕

ដកស្រង់ពី៖ កោះសន្តិភាព