បណ្តាញសង្គម

អំណោយរបស់លោក ហ៊ុន ម៉ានី និងឧកញ៉ា ឡេង ណាវ៉ាត់ត្រា ត្រូវបានចែកជូនកងសម្លាំងសន្តិសុខខណ្ឌ និងប្រជាការពារតាមសង្កាត់ខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានលើកឡើងថា ជាច្រើនឆ្នាំមកនេះទោះបីបងប្អូនប្រជាការពារជាអ្នកស្ម័គ្រចិត្ត គ្មានប្រាក់ខែ គ្មានអាវុធជាប់ដៃ តែបានបំពេញការងារបានល្អ ក្នុងការរួមចំណែកជាមួយកម្លាំងសមត្ថកិច្ចរក្សាសន្តិសុខ សុវត្ថិភាពមូលដ្ឋានក្នុងការទប់ស្កាត់ បង្រ្កាបបទល្មើសនានា ដែលកើតមាន និងបម្រុងកើតមាន។

ការលើកឡើងបែបនេះរបស់លោក ហែម ដារិទ្ធិ បានធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជូនកងសម្លាំងសន្តិសុខខណ្ឌ និងអំណោយរបស់លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ប្រគល់ជូនកម្លាំងប្រជាការពារសង្កាត់នៅសាលាខណ្ឌពោធិ៍សែនជ័យ។

ក្នុងឱកាសនេះដែរ លោក ហែម ដារិទ្ធិ បានកោតសរសើរដល់កម្លាំងសន្តិសុខខណ្ឌ និងប្រជាការពារសង្កាត់ទាំង៧ ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បានបំពេញការងារយ៉ាងសកម្ម ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពមូលដ្ឋានដែលធ្វើឱ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកមកស្នាក់អាស្រ័យ រកស៊ីទទួលបានភាពកក់ក្តៅ និងប្រកបរបររកស៊ីបានសុខស្រួល ក្នុងទឹកដីភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ។

បន្ថែមពីនេះ លោកអភិបាលខណ្ឌ បានបន្តថា បងប្អូនក៏ក្លាយជាភ្នាក់ងារអនាម័យ កាយសំរាមតាមផ្លូវ តាមមាត់លូ និងការរៀបចំសណ្តាប់ធ្នាប់រស់នៅ និងលក់ដូរតាមដងផ្លូវបានល្អប្រសើគ្រប់កន្លែង ដែលចំណុចទាំងអស់នេះហើយ បានធ្វើឱ្យថ្នាក់ដឹកនាំមានការកោតសរសើរជាខ្លាំង និងគាំទ្រគ្រប់សកម្មភាពរបស់បងប្អូនក្នុងការរួមចំណែកជួយសង្គម។

លោក ហែម ដារិទ្ធិ ក៏បានសំណូមពរដល់កម្លាំងប្រជាការពារទាំងចាស់ ទាំងក្មេងគួរតែហាត់ក្បាច់គុនខ្លះៗ ដូចជា ការហាត់ប្រាណ ឬលេងកីឡាងីចឹងដែរ វាអាចជួយឱ្យយើងមានកាយសប្បទាមាំមួន កម្លាំងខ្លាំងក្លាមានភាពវាងវៃ និងរហាស់រហួនហើយជូនកាលក្បាច់គុននេះ ក៏អាចជួយបានមួយចំណែកក្នុងការបំពេញភារកិច្ច បង្រ្កាបបទល្មើសផ្សេងៗក្នុងមូលដ្ឋាន។

លោកសុំឱ្យកម្លាំងសន្តិសុខ និងប្រជាការពារទាំងអស់យកងាវការពារនេះទៅប្រើឱ្យចំគោលដៅកុំឱ្យម្ចាស់អំណោយខកបំណង។

គួរបញ្ជាក់ថា ក្រៅពីអំណោយរបស់លោក ហ៊ុន ម៉ានី និងលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា សន្តិសុខខណ្ឌចំនួន៥០នាក់ ទទួលបានថវិការបន្ថែម ម្នាក់ៗ ៥ម៉ឺនរៀល, ដោយឡែកប្រជាការពារសង្កាត់ក្នុងមួយសង្កាត់ទទួលបានថវិការ ៥០ម៉ឺនរៀលផងដែរ៕

ដកស្រង់ពី៖ Fresh News