បណ្តាញសង្គម

ទេសរដ្ឋមន្រ្តី លី ធុជ ដង្ហែទៀនព្រះវស្សា វេរប្រគេនព្រះសង្ឃ ចំនួន១១វត្ត ក្នុងស្រុករំដួល ខេត្តស្វាយរៀង

(ស្វាយរៀង)៖ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ លោកទេសរដ្ឋមន្រ្តី លី ធុជ បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល ដង្ហែទៀនព្រះវស្សាវេរប្រគេនចំពោះព្រះសង្ឃចំនួន១១វត្ត ស្ថិតក្នុងឃុំបុសមន ឃុំពងទឹក និងឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង និងបានជួបសំណេះសំណាលជាមួយពុទ្ធបរិស័ទ ចំណុះជេីងវត្តបុសមនផងដែរ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក ស៊ុយ ជីហ៊ាង អគ្គលេខាធិការរងអាជ្ញាធរមីន, លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត, សមាជិកសមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល, ក្រុមប្រឹក្សាស្រុក, គណៈអភិបាលស្រុក មេឃុំ និងមេភូមិ។

លោកទេសរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តស្វាយរៀង ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្រ្តី ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នៃរលកទី២ ខណៈពេលដែលពិភពលោក កំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំង។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា ប្រទេសកម្ពុជាបច្ចុប្បន្ននេះក្រោមការដឹកនាំប្រកបដោយគតោបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បាននាំឲ្យមានការរីកចម្រើនទាំងពុទ្ធចក្រ និងអាណាចក្រដែលប្រជាជនខ្មែរគ្រប់រូបមានសិទ្ធិទទួលបាននូវចំណេះដឹង និងការគោរពប្រណិប័តន៍ជំនឿសាសនាដែលខ្លួនពេញចិត្ត៕

ដកស្រង់ពី៖ Fresh News