បណ្តាញសង្គម

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យល្បីមួយនៅកូរ៉េខាងត្បូង

(ភ្នំពេញ)៖ លោកបណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាស្ថាបនិកសាកលវិទ្យាល័យឯកទេស នៃកម្ពុជា (CUS) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ «ស៊ីនហាន» (Shinhan University) ដែលជាសាកលវិទ្យាល័យល្បីមួយក្នុងទីក្រុងសេអ៊ូល។

លោកបណ្ឌិត LEE JONG WON ប្រធានក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្ត្រសាកលវិទ្យាល័យស៊ីនហាន បានឱ្យដឹងថា ការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្ត្របានពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់ ហ្មត់ចត់លើលទ្ធផលស្នាដៃ បទពិសោធន៍ការងារ ចំណេះដឹង និងសមត្ថភាពជំនាញរបស់លោកបណ្ឌិត ស្តើង សុខុម ព្រមទាំងការចូលរួមវិភាគទានយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

ក្នុងខណៈនោះបណ្ឌិត ស្តើង សុខុម បានថ្លែងអំណរគុណដល់ក្រុមបណ្ឌិតវិទ្យាសាស្ត្រ និងថ្នាក់ដឹកនាំសាកលវិទ្យាល័យស៊ីនហានទាំងអស់ ដែលបានជឿជាក់លើសមត្ថភាព លទ្ធផលស្នាដៃ និងសមិទ្ធិផលដែលលោកសម្រេចបានរហូតសម្រេចវាយតម្លៃផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសនាពេលនេះ។

លោកបណ្ឌិត ស្តើង សុខុម បន្តថា ស្របពេលពិភពលោកកំពុងទទួលឥទ្ធិពលបដិវត្តន៍ឧស្សាហកម្មទី៤ ការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបច្ចេកវិទ្យា ការត្រៀមលក្ខណៈទទួល ប្រើប្រាស់ទាញយកប្រយោជន៍ពីឧស្សាហកម្មជំនាន់ទី៤ (AI) នេះគឺពិតជាមានសារៈសំខាន់ពោលគឺមូលធនមនុស្សដែលប្រកបដោយសមត្ថភាពជំនាញ បច្ចេកវិទ្យា និងផលិតភាព ឬសេដ្ឋកិច្ចមនុស្សប្រកបដោយឋាមភាព។

ក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ ប្រតិភូបានជួបពិភាក្សាការងារដោយឡែកៗពីគ្នា ជាមួយគណៈគ្រប់គ្រងសាកលវិទ្យាល័យស៊ីនហាន លើកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព ឆ្លើយតបតាមតម្រូវការអភិវឌ្ឍសង្គមជាតិ និងបានទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Fin Tech ដែលមានលោក Lee Wook President of W-Foundation ដើម្បីពិភាក្សាគ្នាលើការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ការអប់រំ និងឱកាសធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

តាមរយៈជំនួបជាមួយលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណៈរដ្ឋកូរ៉េ និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រតិភូបានស្វែងយល់ពីបទពិសោធន៍ល្អៗ បទពិសោធន៍ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់សាធារណៈរដ្ឋកូរ៉េ ដូចជាចលនាភូមិថ្មី ការអភិវឌ្ឍបច្ចេកវិទ្យា ការអភិវឌ្ឍវិស័យឧស្សាហកម្មធន់ធ្ងន់ ឧស្សាហកម្មច្នៃម៉ូត និងសម្លៀកបំពាក់ ឧស្សាហកម្មចំណីអាហារជាដើម។

ខណៈជួបភ្ញៀវ និងអ្នកពាក់ព័ន្ធ លោកបណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាប្រធានគណៈប្រតិភូបានអំពាវនាវដល់ពលរដ្ឋកូរ៉េ និងអ្នកវិនិយោគកូរ៉េឱ្យមកបណ្តាក់ទុន និងទស្សនកិច្ចនៅលើទឹកដីកម្ពុជាដ៏ស្រស់បំព្រងប្រកបដោយកាលានុវត្តភាព ឱ្យបានកាន់តែច្រើនថែមទៀត។

គួរបញ្ជាក់ផងដែរថា តាមកត្តាប្រវត្តិសាស្រ្តចាប់ពីឆ្នាំ១៩៥០មក កត្តាភូមិសាស្រ្ត កត្តាប្រជាសាស្រ្តជាដើម ប្រតិភូមានចំណាប់អារម្មណ៍ថា គំរូអភិវឌ្ឍន៍ប្រទេសដ៏ជោគជ័យរបស់សាធារណៈរដ្ឋកូរ៉េអាចផ្តល់ជាគំរូ ជាបទពិសោធន៍ល្អសម្រាប់អភិវឌ្ឍន៍ពកម្ពុជាឱ្យបានកាន់តែរីកចម្រើនថែមទៀត៕

ដកស្រង់ពី៖ Fresh News