បណ្តាញសង្គម

ក្រុមហ៊ុនSamsungកំពុង​តែ​រក​ដំណោះ​ស្រាយ លាក់​កាមេរ៉ា​ខាង​មុខ​ក្នុង​បន្ទះ​អេក្រង់​តែ​ម្ដង!

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតស្មាតហ្វូន ស្ទើរតែទាំងអស់ទៅហើយ ដែលបានឌីហ្សាញឲ្យ ស្មាតហ្វូនស៊េរីថ្មីៗរបស់ខ្លួន ទទួលបានអេក្រង់លាតពេញ ប៉ុន្ដែទោះបីជាយ៉ាងណា ភាគច្រើនស្មាតហ្វូនទាំងនោះ

ក៏ឃើញមានថ្ងាសឆក, រន្ធប្រជ្រុយ ឬក៏ប្រើដំណោះស្រាយ លាក់កាមេរ៉ាសម្រាប់ Selfie ចូលទៅក្នុងតួខ្លួន ដោយធ្វើឲ្យបាត់បង់ អាវការពារទឹកផងដែរ។ ហេតុដូច្នេះហើយ ទើបនាពេលថ្មីៗនេះ ប្រភពពត៌មាន មកពីប្រទេសកូរ៉េខាងត្បូង បានចុះផ្សាយឲ្យដឹងថា ក្រុមហ៊ុន Samsung កំពុងតែសិក្សាទៅលើ ការលាក់កាមេរ៉ាខាងមុខ ចូលទៅក្រោមបន្ទះអេក្រង់ ដោយទទួលបាន អេក្រង់ពេញលេញពិត មួយរយភាគរយតែម្ដង។

របាយការណ៍លេចធ្លាយ ដែលថាក្រុមហ៊ុន Samsung កំពុងតែរកដំណោះស្រាយ លាក់កាមេរ៉ាខាងមុខ ចូលទៅខាងក្រោមអេក្រង់នេះ គឺកាលពីដំបូងបង្អស់មក ត្រូវបានលេចចេញពីលោក Yang Byung-duk ដែលជាអនុប្រធាននៃក្រុមហ៊ុន ផលិតអេក្រង់ R&D ផ្ទាល់តែម្ដង ហើយមកដល់ពេលថ្មីៗនេះ ក៏ត្រូវបានបញ្ជាក់ដោយ សារពត៌មានមកពី ប្រទេសកូរ៉េខាងត្បូង ថែមទៀតតែម្ដង។ ខណៈពេលដែល ក្នុងពេលបច្ចុប្បន្ននេះ គឺមានក្រុមហ៊ុនមួយចំនួនទៅហើយ ដែលបានចាប់ផ្ដើមធ្វើការ លាក់គ្រឿងប្រើប្រាស់ សំខាន់ៗមួយចំនួន ទុកខាងក្រោមអេក្រង់ ដោយរួមមានដូចជា រន្ធបញ្ចេញសម្លេង (Earpiece), រន្ធសម្លេង Speakers, ឧបករណ៍ស្កេនម្រាមដៃ, សេនស័រប្រភេទ Proximity ហើយនិង Luminance ។ល។

ទោះបីជាយ៉ាងណាក៏ដោយ ការលាក់កាមេរ៉ាមុខ ចូលទៅខាងក្រោមអេក្រង់ គឺជាគោលដៅចុងក្រោយ ដើម្បីឲ្យស្មាតហ្វូននោះ ទទួលបានអេក្រង់ពេញលេញ យ៉ាងពិតប្រាកដតែម្ដង ហេតុដូច្នេះហើយ នាពេលបច្ចុប្បន្ននេះ ការមានពត៌មានលេចធ្លាយថា ក្រុមហ៊ុន Samsung កំពុងតែសាកល្បង ហើយនឹងធ្វើការសិក្សា ដោយធ្វើឲ្យរន្ធលេនកាមេរ៉ា ដែលដាក់ចូលទៅខាងក្រោម បន្ទះអេក្រង់ស្មាតហ្វូននោះ មើលមិនឃើញសោះឡើយ ហើយក៏មិនប៉ះពាល់ដល់ គុណភាពរបស់កាមេរ៉ា និងបន្ទះអេក្រង់ថែមទៀត។

សរុបមក របាយការណ៍លេចធ្លាយថ្មីនេះ គឺពិតជាដំណឹងដ៏ល្អមួយ ក៏ប៉ុន្ដែជាអកុសល យើងនៅមិនទាន់ ទទួលបានប្រភពពត៌មាន ជាក់លាក់នៅឡើយទេ ដោយប្រភពដដែលនេះ គ្រាន់តែប្រាប់បន្ថែមថា ជុំវិញតំបន់ដែលរក្សាទុក កាមេរ៉ាខាងមុខនោះ នឹងក្លាយទៅជាកញ្ជាក់ថ្លា នៅពេលបើកប្រើប្រាស់ ហើយនឹងប្រែទៅជា អេក្រង់ធម្មតាវិញ នៅពេលបិទកាមេរ៉ាផងដែរ។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15991