បណ្តាញសង្គម

ប្រទេសស្រីលង្កា បានកំទេចកូកាអ៊ីនជិត៨០០គីឡូក្រាម

ប៉ូលីសប្រទេសស្រីលង្កា កាលពីថ្ងៃចន្ទ បានកំទេចកូកាអ៊ីនជិត៨០០គីឡូក្រាម ក្នុងវត្តមានលោកប្រធានាធិបតី Maithripala Sirisena ដែលបានអំពាវនាវឲ្យមានការកាត់ទោសប្រហារជីវិតដល់ជនរត់ពន្ធសារធាតុញៀននេះ។

គ្រឿងញៀននេះ ត្រូវបានរឹបអូសក្នុងការវាយប្រហារ៤លើក រវាងខែមិថុនា ២០១៦ ដល់ខែមិថុនា ២០១៨។

មានគ្រឿងញៀនជាច្រើនទៀត កំពុងរង់ចាំការបញ្ចប់ក្តីពីខាងតុលាការ មុនពេលពួកគេ ក៏ត្រូវបានកំទេចចោលក្រោមការគ្រប់គ្រងរបស់តុលាការ នេះបើតាមក្រុមមន្រ្តីប្រាប់។

លោកប្រធានាធិបតី Sirisena បានប្តេជ្ញាបង្កើនល្បឿនសង្រ្គាមគ្រឿងញៀន និងបានសន្យានាំចូលឧបករណ៏បចេ្ចកវិជ្ជាខ្ពស់ ក្នុងការចាប់សារធាតុញៀន នាអាកាសយានដ្ឋាន និងកំពង់ផែ នេះបើតាមការិយាល័យរបស់លោក ថ្លែងក្នុងសេចក្តីថ្លែងការណ៏។

លោក Sirisena “បញ្ជាក់នូវបំណងរបស់លោកក្នុងការអនុវត្តន៍ការដាក់ទណ្ឌកម្មកម្រិតធ្ងន់ សម្រាប់អ្នកដែលប្រព្រឹត្តបទល្មើសគ្រឿងញៀនដដែលៗ” នេះបើតាមសេចក្តីថ្លែងការណ៏បន្ថែម។ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីនកាលពីខែមករា លោក Sirisena បាននិយាយថា លោកចង់កូពីយុទ្ធសាស្រ្តកណ្តាប់ដៃខ្លាំងរបស់លោកប្រធានាធិបតី Rodrigo Duterte ប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់។

លោក បានសន្យាបញ្ចប់ការផ្អាករយះពេល 43ឆ្នាំ លើការកាត់ ទោសប្រហារជីវិត និងប្រតិបត្តិការផ្តន្ទាទោសគ្រឿងញៀនដដែលៗ ប៉ុន្តែ មិនទាន់បានចុះហត្ថលេខាលើដីកាចាប់ខ្លួននៅឡើយទេ។

កាលពីខែកុម្ភះ ប៉ូលីស បានរឹបអូសហេរ៉ូអ៊ីនជិត៣០០គីឡូក្រាមដែលមានតម្លៃ១៧លានដុល្លារអាមេរិក ដែលជាការដឹកជញ្ជូនដ៏ធំបំផុតរបស់កោះនេះ ខណះពេលប្តូរជើងហោះហើរ នាហាងលក់ទំនិញមួយ ក្នុងរដ្ឋធានី Colombo ។

អជ្ញាធរ ជឿជាក់ថាកោះមហាសមុទ្រឥណ្ឌាមួយនេះ គឺត្រូវបានកំពុងប្រើប្រាស់ជាចំណុចឆ្លងកាត់ការជួញដូរគ្រឿងញៀន។ កាលពីសប្តាហ៏មុន ជនជាតិអ៊ីរ៉ង់ចំនួន៩នាក់ ត្រូវបានចាប់ខ្លួនដោយបានដឹកជញ្ជូនជាតិហេរ៉ូអ៊ីនចំនួន ១០០គ.ក ក្នុងទូកនេសាទខ្នាតតូចមួយ នេះបើតាមការផ្សាយរបស់ Channel News Asia នាថ្ងៃអង្គារ៍។