បណ្តាញសង្គម

កូរ៉េខាងជើង៖ «ដោយសារតែការស្រឡាញ់សន្តិភាពរបស់យើង ទើបកូរ៉េទាំងពីរឈានដល់ការផ្សះផ្សាគ្នា»

 (សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNA បាននិយាយថា សញ្ញានៃការផ្លាស់ប្ដូរ ហាក់ដូចជាបានកើតឡើង នៅក្នុងទំនាក់ទំនង រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ខណៈដោយសារតែការស្រឡាញ់សន្តិភាព របស់ទីក្រុងព្យុងយ៉ាង ទើបកូរ៉េ ទាំងពីរអាចឈានដល់ការផ្សះផ្សាគ្នា បន្ធូរបន្ថយភាពតានតឹង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។ KCNA នៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួន ចេញផ្សាយកាលពីថ្ងៃអង្គារ បានគូសបញ្ជាក់ដូច្នេះថា៖«ដោយសារតែវិធានការ និងការស្រឡាញ់សន្តិភាព  របស់យើង បានបង្កើតបរិយាកាសល្អ នៃការផ្សះផ្សាទំនាក់ទំនង រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ហើយ សញ្ញានៃការផ្លាស់ប្ដូរ  បែបនេះ ក៏ហាក់ដូចជាលេចឡើង នៅក្នុងទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិកផងដែរ។

ប៉ុន្តែ ព្រមពេលជាមួយគ្នា សារព័ត៌មានរដ្ឋកូរ៉េខាងជើងមួយនេះ បានចោទប្រកាន់ថា ក្រុមអ្នកភិរក្សនិយមមួយចំនួន នៅកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក នៅតែបន្តបំពុលបរិយាកាសល្អបែបនេះ ក៏ដូចជាបំភ័ន្ដមតិសាធារណៈ ពីការពិតដែលកំពុងកើតឡើង។

គួរបញ្ជាក់ថា បើតាម KCNA ការដាក់ទណ្ឌកម្ម និងសម្ពាធពីសំណាក់សហរដ្ឋអាមេរិក ពុំមានប្រសិទ្ធិភាពអ្វីនោះទេ និងបានអំពាវ នាវ ឱ្យភាគីពាក់ព័ន្ធទំាងអស់ មានការអត់ធ្មត់ និង ប្រុងប្រយ័ត្នចំពោះអាកប្បកិរិយារបស់ខ្លួន៕

ដកស្រង់ពី៖ Fresh News