បណ្តាញសង្គម

អតីតមន្ត្រី CIA «ចេញមុខទម្លាយ កំហុសធ្ងន់បំផុតរបស់ លោក ដូណាល់ ត្រាំ លើ​ប្រជាជាតិអ៊ីរ៉ង់»

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនមែនកំពុងព្យាយាមបំផ្ទុះឲ្យមានសង្រ្គាមជាមួយអ៊ីរ៉ង់ឡើយ  ក៏ប៉ុន្តែលោកមានកំហុសយ៉ាងខ្លាំង ដោយសារជឿជាក់ថា រូបលោកអាចដាក់សម្ពាធលើ ទីក្រុងតេហេរ៉ង់ឲ្យយល់ព្រមចរចា កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឡើងវិញបាន។

នេះបើតាមសម្តីរបស់អតីតមន្រ្តីនៃទីភ្នាក់ងារចារកម្ម CIA លោក ហ្វីលីព ជីរ៉ាល់ឌី (Philip Giraldi) ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧។

លោក ដូណាល់ ត្រាំ បានថ្លែងឲ្យដឹងថា រដ្ឋបាលរបស់លោកបានសម្រេចមិនបញ្ជាក់ទទួលស្គាល់ថា  អ៊ីរ៉ង់កំពុងគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ផងដែរថា ជាកិច្ចព្រមព្រៀង JCPOA ឡើយ។លោក Philip Giraldi បានសម្គាល់ឃើញថា លោក ត្រាំ ទំនងជាបានរំពឹងទុកថា ការថ្លែងរបស់លោក អាចជាកិច្ចចាប់ផ្តើមនៃនីតិវិធីការទូត ដើម្បីបង្ខំឲ្យទីក្រុងតេហេរ៉ង់ យល់ព្រមចរចាកិច្ចព្រមព្រៀងនេះឡើងវិញ។

បើតាមលោក Giraldi អះអាងថា លោក ដូណាល់ ត្រាំ បានបរាជ័យក្នុងការប្រមើលមើលឆន្ទៈ ក៏ដូចជាជំនឿដ៏មុតមាំរបស់មេដឹកនាំ នៃរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ព្រមទាំងសាធារណជនអ៊ីរ៉ង់ទាំងមូល មកលើបញ្ហានេះ។លោកប្រធានាធិបតីអាមេរិក គិតខុសស្រឡះទាំងស្រុង ក្នុងមើលចិត្តរបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋអ៊ីរ៉ង់ ដោយលោកកំពុងតែទាមទារឲ្យ ពួកគេបោះបង់ចោលអ្វី ដែលពួកគេមើញឃើញថាជាផលប្រយោជន៍ដ៏សំខាន់  សម្រាប់សន្តិសុខជាតិរបស់ពួកគេ។

អតីតមន្រ្តី CIA រូបនេះបានព្រមានថា ទោះបីជាលោក ត្រាំ មិនមានបំណងចង់ឲ្យកើតមានសង្រ្គាមក៏ដោយ លោកក៏មិនដឹងដែរថា គោលជំហរដ៏តឹងរ៉ឹងរបស់លោក ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ អាចបម្រើដល់វត្ថុបំណងផ្សេងៗ នៃសត្រូវរបស់អ៊ីរ៉ង់នៅក្នុងតំបន់ រួមទាំងសម្ព័ន្ធមិត្តនយោបាយរបស់ពួកគេ នៅក្នុងសហរដ្ឋអាមេរិកឡើយ ដែលមនុស្សទាំងអស់នេះ សុទ្ធតែចង់អូសទាញសហរដ្ឋអាមេរិក ឲ្យធ្លាក់ទៅក្នុងភ្លើងសង្រ្គាមជាមួយប្រទេសអ៊ីរ៉ង់។

ដោយឡែក លោកប្រធានាធិបតីអាមេរិក ក៏បានសង្កត់ធ្ងន់ដែរថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយសហគមន៍អន្តរជាតិ នឹងត្រូវលុបចោលតែម្តង ប្រសិនបើសហរដ្ឋអាមេរិក មិនអាចកែតម្រូវវានៅក្នុងសភា និងជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនទេនោះ៕

ដកស្រង់ពី៖ Fresh News