បណ្តាញសង្គម

មេទ័ពអ៊ីរ៉ង់៖ កងកម្លាំងអ៊ីរ៉ង់ នឹងបង្រៀនសហរដ្ឋអាមេរិក ពីមេរៀនថ្មី

(តេហេរ៉ង់)៖ អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Masoud Jazayeri នៅថ្ងៃអង្គារនេះ បានព្រមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការគំរាមកំហែងប្រឆាំងនឹង ទីក្រុងតេហេរ៉ង់ ហើយថាកងកម្លាំងអ៊ីរ៉ង់នឹងផ្ដល់មេរៀនថ្មីមួយដល់សហរដ្ឋអាមេរិក។

 នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧។

ការថ្លែងបែបនេះរបស់លោក Masoud Jazayeri ធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក នាំគ្នាចុះផ្សាយថាលោក ដូណាល់ ត្រាំ ទំនងជាអាចនឹងប្រកាសបោះបង់ចោលកិច្ចព្រមព្រៀង នុយក្លេអ៊ែរនៅព្រហស្បតិ៍សប្ដាហ៍នេះតាមអ្វីដែលលោកធា្លប់បានសន្យានៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១៥។

លោក Masoud Jazayeri ដែលជាមេញ្ជាការកងកម្លាំង ឆ្មោះបដិវត្តន៍អ៊ីរ៉ង់ផងនោះ បានគូសបញ្ជាក់ដូច្នេះថា៖ «មើលទៅវាហាក់ដូចជារដ្ឋបាលដូណាល់ ត្រាំ ចេះតែពាក្យសន្យានឹងមាត់តែប៉ុណ្ណោះ ដូច្នេះពួកគេគួរតែទទួលរងវិបត្តិខ្លះដើម្បីយល់ពី អត្ថន័យនៃអំណាចថ្មីនៅលើពិភពលោក...ហើយវាដល់ពេលដែលយើងត្រូវបង្រៀនពីមេរៀនថ្មីដល់សហរដ្ឋអាមេរិក»

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងដាក់បញ្ចូលកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ IRGC ទៅក្នុងបញ្ជីខ្មៅនៃរដ្ឋគាំទ្រភេរវករ។ ក៏ប៉ុន្តែ គេក៏រំពឹង ដែរថាទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោនអាចនឹងជះឥទ្ធិពលដល់ជម្លោះនៅអ៊ីរ៉ាក់ និងស៊ីរី ជាទីដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ គាំទ្រភាគីជម្លោះរៀងៗខ្លួន ខណៈអ៊ីរ៉ង់បានព្រមានថា នឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់រួមមានទាំងកម្លាំងយោធា បើសិនជាសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មនេះមែននោះ៕

ដកស្រង់ពី៖FRESH NEW