បណ្តាញសង្គម

វេណេស៊ុយអេឡា៖ «ឆ្មាំគុក និងទណ្ឌិតប្រយុទ្ធគ្នា បណ្តាលឲ្យមនុស្សស្លាប់ ៣៧នាក់ នៅក្នុង​ពន្ធនាគាររដ្ឋ​អាម៉ាហ្សូណាស់»

(ការ៉ាកាស់)៖ អ្នកទោសយ៉ាងហោចណាស់ចំនួន ៣៧នាក់ បានបាត់បង់ជីវិតក្នុងពន្ធនាគារមួយកន្លែង  នៅភាគខាងត្បូងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងសាហាវបានកើតឡើង រវាងក្រុមទណ្ឌិត និងក្រុមមន្រ្តីសន្តិសុខពន្ធនាគារ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧។ យោងតាមអភិបាលរដ្ឋ អាម៉ាហ្សូណាស់ (Amazonas) លោក លីបូរីយ៉ូ ហ្គារូលឡា (Liborio Guarulla) អំពើហិង្សាខាងលើបានកើតឡើង កាលពីយប់កណ្តាលអាធ្រាតថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅតំបន់កើតហេតុ) នៅពន្ធនាគារមួយកន្លែងក្នុងទីក្រុង ភើតូ អាយ៉ាគូចូ (Puerto Ayacucho)។

លោក Guarulla បានឲ្យដឹងថា កងកម្លាំងសន្តិសុខត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារនោះ ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ បន្ទាប់ពីពួកអ្នកទោសបានកាន់កាប់វា កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ។

គួរបញ្ជាក់ថា បើតាមការិយាល័យអគ្គដ្ឋអាជ្ញាវេណេស៊ុយអេឡា មន្រ្តីសន្តិសុខពន្ធនាគារចំនួន ១៤នាក់ ក៏បានទទួលរងរបួសផងដែរនៅក្នុងការប្រយុទ្ធគ្នានេះ ខណៈអ្នកដែលបានស្លាប់ទាំងអស់សុទ្ធតែជាទណ្ឌិត  ហើយអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតទៅលើហេតុការណ៍នេះ៕

ដកស្រង់ពី៖ Fresh News