បណ្តាញសង្គម

មិនធម្មតា! អាមេរិកអះអាងថា «ចិនរំលោភកម្មសិទ្ធិបញ្ញាលើអាមេរិក ស្មើនឹងទឹកប្រាក់ ៦០០ពាន់លានដុល្លារ» ខណៈទីក្រុងប៉េកាំង​ព្រមានពីសង្គ្រាមពាណិជ្ជកម្ម!

(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃអង្គារនេះបាននិយាយថា ទីក្រុងប៉េកាំងនឹងចាត់វិធានការសកម្មភាព  ដើម្បីការពារផលប្រយោជន៍ខ្លួនឯង បើសិនជាទីក្រុងវ៉ាស៊ីនតោន បំផ្លាញទំនាក់ទំនងពាណិជ្ជកម្ម ក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុញ្ញាតឱ្យអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក រ៉ូប៊ឺត ឡៃធីស៊ឺ (Robert Lighthizer) បើកការស៊ើបអង្កេតលើការចោទប្រកាន់ដែលថា ចិនបានលួចកម្មសិទ្ធិបញ្ញាពីបណ្ដាក្រុមហ៊ុនអាមេរិក។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧។ នេះអាចនិយាយបានថា គឺជាការចាត់វិធានការដោយផ្ទាល់លើកដំបូងបំផុត ដោយរដ្ឋបាល លោក ដូណាល់ ត្រាំ ប្រឆាំងនឹងចិន ហើយវាកើតឡើងនៅចំពេលដែលលោកផ្ទាល់ កំពុងជំរុញឱ្យទីក្រុងប៉េកាំងដាក់សម្ពាធ និងទណ្ឌកម្មបន្ថែមយ៉ាងតឹងរ៉ឹង សំដៅទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែរកូរ៉េខាងជើង។

ដោយឡែកជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា «សហរដ្ឋអាមេរិក គួរតែគោរពរាល់បទបញ្ញតិ អនុឡោមទៅតាមការសន្យាជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងកុំបំផ្លាញគោលការណ៍ពហុភាគី... ក៏ប៉ុន្តែបើសិនជា សហរដ្ឋអាមេរិកមិនរវីរវល់ ឬក៏មិនគោរពគោលការណ៍ពាណិជ្ជកម្មទ្វេភាគី  តាមរយៈការធ្វើសកម្មភាពបំផ្លាញ ដល់ផលប្រយោជន៍ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នោះទីក្រុងប៉េកាំងដាច់ខាត នឹងមិនឈរឱបដៃមើលឡើយ ហើយមុខជានឹងចាត់វិធានការ ការពារផលប្រយោជន៍របស់ខ្លួន»។

គួរបញ្ជាក់ថា ក្រុមមន្ត្រីរដ្ឋបាល លោក ដូណាល់ ត្រាំ បានប៉ាន់ប្រមាណថា ការលួចកម្មសិទ្ធិបញ្ញាពីបណ្ដាក្រុមហ៊ុនអាមេរិកដោយចិន  មានទំហំទឹកប្រាក់ជាង ៦០០ពាន់លានដុល្លារ រីឯលោក Robert Lighthizer អាចនឹងមានរយៈពេលមួយឆ្នាំ ក្នុងការគិតគូរថា គួរតែដំណើរការស៊ើបអង្កេតលើគោលនយោបាយចិនពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ឬក៏យ៉ាងណា។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា ក្រសួងការបរទេសចិនក៏បានព្រមានដែរថា បើសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនផ្ទុះឡើង គឺមានតែអ្នកចាញ់តែប៉ុណ្ណោះ មិនមាននរណាអាចឈ្នះឡើយ៕

ដកស្រង់ពី៖ Fresh News