Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង៖ «ទំនាក់ទំនងកូរ៉េទាំងពីរ គ្មានថ្ងៃប្រសើរឡើងឡើយ បើកូរ៉េខាងត្បូង​នៅតែ​ជាចំណុះអាមេរិក»

  • បោះពុម្ព

(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា វាគឺជារឿងឆ្កួតបំផុតដែលកូរ៉េខាងត្បូងសង្ឃឹមថា  អាចនឹងធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ខណៈទីក្រុងសេអ៊ូលកំពុងប្រកាន់គោលនយោបាយ ប្រឆាំងនឹងកូរ៉េខាងជើង និងមិនព្រមបោះបង់ចោល ភាពជាចំណុះសហរដ្ឋអាមេរិកនោះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧។ ការអត្ថាធិប្បាយបែបនេះរបស់កូរ៉េខាងជើង ធ្វើឡើងតែបួនថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងសេអ៊ូល បានដាក់សំណើរៀបចំកិច្ចចរចាយោធាអន្តរកូរ៉េ នៅថ្ងៃសុក្រស្អែកនេះនៅឯភូមិ Panmunjom ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកយោធានៅតាមតំបន់ព្រំដែន ក៏ដូចជាបើកកិច្ចសន្ទនានៅថ្ងៃទី០១ ខែសីហា សំដៅដាក់ដំណើរការឡើងវិញ នូវពិធីជួបជុំគ្រួសារកូរ៉េដែលបានព្រាត់ប្រាសគ្នា អំឡុងសម័យសង្រ្គាមកូរ៉េ (ឆ្នាំ១៩៥០-១៩៥៣)។

ក៏ប៉ុន្តែនៅក្នុងបទវិចារណកថារបស់ខ្លួន សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun បានទាត់ចោលសំណើនេះ ព្រមទាំងអំពាវនាវផងដែរឱ្យកូរ៉េខាងត្បូង ត្រូវតែសម្រេចចិត្តឱ្យច្បាស់ថា តើគួរបន្ត ប្រកាន់គោលនយោបាយអរិភាព និងរណបសហរដ្ឋអាមេរិក ឬក៏យ៉ាងណា មុននឹងអង្គុយចរចាជាមួយទីក្រុងព្យុងយ៉ាង។ «គោលនយោបាយប្រឈមមុខដាក់គ្នា និងអរិភាព ឬភាពជាសត្រូវ គឺជារឿងត្រូវដោះស្រាយជាមុន ដើម្បីបើកទ្វារកិច្ចចរចាអន្តរកូរ៉េ»។នេះបើតាមកាសែត Rodong Sinmun។

គួរបញ្ជាក់ថា បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន CNN កូរ៉េខាងជើងទំនងជាកំពុងរៀបចំ ការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ឬក៏មីស៊ីលរយៈចំងាយមធ្យមជាថ្មីម្ដងទៀត នៅក្នុងរយៈពេលពីរសប្ដាហ៍ខាងមុខនេះ។ ម្យ៉ាងវិញទៀតបើទោះជា កិច្ចចរចាត្រូវធ្វើឡើងមែន ក៏គេមិនប្រាកដនោះដែរថា វានឹងមានលទ្ធផលល្អ ត្បិតកូរ៉េខាងជើងបានបញ្ជាក់ជាច្រើនដងរួចហើយថា បើចង់ចរចារឿងបោះបង់ចោលអាវុធនុយក្លេអ៊ែរ គឺគ្មានផ្លូវជាដាច់ខាត៕

ដកស្រង់ពី៖ Fresh News