បណ្តាញសង្គម

ទីបំផុតលោក Macron យកឈ្នះលោកស្រី Marine Le Pen, លទ្ធផលសំឡេងគាំទ្រចំនួន៦៦.០៦% ​​៣៣.៩៤%

 (ប៉ារីស)៖ នៅទីបំផុតបេក្ខភាព ប្រធានាធិបតីកណ្តាលនិយម លោក Emmanuel Macron បានទទួលជ័យជម្នះលើគូប្រជែងរបស់ខ្លួន ដែលជាអ្នកនយោបាយស្តាំនិយមជ្រុលគឺលោកស្រី Marine Le Pen នៅក្នុងការបោះឆ្នោតជ្រើសប្រធានាធិបតីបារាំង នាថ្ងៃអាទិត្យម្សិលមិញនេះហើយ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។ យោងតាមលទ្ធផលផ្លូវការចុងក្រោយបំផុត ពីក្រសួងមហាផ្ទៃនៃប្រទេសបារាំង ស្របពេលដែលសន្លឹកឆ្នោតត្រូវបានរាប់ស្ទើរតែជិតអស់ហើយនោះ គេសង្កេតឃើញថាលោក Macron បានផ្តួលលោកស្រី Le Pen ក្នុងសំឡេងគាំទ្រចំនួន៦៦.០៦សំឡេង ទល់នឹង៣៣.៩៤សំឡេង ហើយរូបលោកក្នុងវ័យទើបតែ៣៩ឆ្នាំប៉ុណ្ណោះនោះ នឹងក្លាយជាប្រធានាធិបតី ដែលក្មេងជាងគេបង្អស់របស់ប្រទេសបារាំង។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ពិភពលោកនេះ ត្រូវបានឃ្លាំមើលដោយមិនដាក់ភ្នែក ពីសំណាក់អ្នកនយោបាយអឺរ៉ុបទំាងអស់ថា តើលោកស្រី Le Pen ឬ លោក Macron ដែលនឹងក្លាយជាប្រធានាធិបតីបារាំងទី០៨ ពោលគឺបើសិនជាលោក Macron ជាប់ឆ្នោត វាអាចជាដំណឹងល្អសម្រាប់ពួកគេ ក៏ប៉ុន្តែបើសិនជាលោកស្រី Le Pen ជាប់ឆ្នោតវិញនោះ នយោបាយអឺរ៉ុប និងបារាំង អាចនឹងត្រូវប្រឈមមុខនឹងរលកយក្សស៊ូណាមិ នៃនយោបាយជ្រុលនិយម របស់បេក្ខជនស្ដាំនិយមជ្រុលរូបនេះ។ យ៉ាងណាមិញនៅទីបំផុត ជ័យជម្នះរបស់លោក Emmanuel Macron បានផ្តល់ភាពធូរស្រាលក្នុងចិត្ត ដល់សហភាពអឺរ៉ុប៕

ដកស្រង់ពី៖ Fresh News