បណ្តាញសង្គម

អាមេរិក៖ ករណីបាញ់ប្រហារដ៏សាហាវ ផ្ទុះឡើងនៅទីក្រុង San Diego បណ្តាលឲ្យមនុស្សស្លាប់០២នាក់ និងរបួស០៧នាក់!

(អាមេរិក)៖ មនុស្សយ៉ាតិចចំនួន ០៧នាក់ បានរបួសដោយសារគ្រាប់កាំភ្លើង បន្ទាប់ពីបុរសម្នាក់ប្រដាប់ដោយកាំភ្លើង នៅទីតាំងកម្សាន្តអាងហែលទឹកមួយកន្លែង ក្នុងទីក្រុង San Diego រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ខណៈក្រោយមកជនដៃដល់ជាខ្មាន់កាំភ្លើង នេះ ត្រូវបានកម្លាំងប៉ូលិសបាញ់សម្លាប់ចោល ហើយជនរងគ្រោះម្នាក់ក៏បានដាច់ខ្យល់ស្លាប់ដែរ ដោយសារតែរងរបួសធ្ងន់ពេក។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧។ យោងតាមប៉ូលិសប្រចាំនៅតំបន់កើតហេតុ ជនរងគ្រោះមួយចំនួនបានស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារតែការវាយប្រហារខាងលើនេះ។ សាក្សីម្នាក់បានឲ្យដឹងថា លោកបានលឺសូរសំឡេងបាញ់កាំភ្លើង និងបានឃើញខ្មាន់កាំភ្លើង កំពុងអង្គុយផឹកស្រាបៀរមួយដបនៅក្នុងដៃម្ខាង និងមានកាំភ្លើងមួយដើមក្នុងដៃម្ខាងទៀត នៅអាងហែលទឹកនៃអគារ Apartment មួយកន្លែងក្នុងទីក្រុង San Diego នៃរដ្ឋកាលីហ្វរញ៉ា។

គួរបញ្ជាក់ថា ជនដៃដល់ជាបុរសជនជាតិស្បែកសម្នាក់ ប្រដាប់ដោយកាំភ្លើងមួយដើម ត្រូវបានបាញ់សម្លាប់ ដោយមន្រ្តីប៉ូលិសបីនាក់ ដែលបានមកដល់កន្លែងកើតហេតុ។ យ៉ាងណាមិញភ្លាមៗនេះគេពុំទាន់បានដឹងច្បាស់ទេថា តើខ្មាន់កាំភ្លើងរូបនេះជនអ្នកស្នាក់នៅក្នុងអគារ Apartment ខាងលើដែរ ឬយ៉ាងណានោះ ហើយមូលហេតុនៅពីក្រោយការបាញ់ប្រហារ ក៏នៅបន្តជាចម្ងល់នៅឡើយដែរ៕

ដកស្រង់ពី៖ Fresh News