បណ្តាញសង្គម

រ៉េខាងជើងប្រកាសថា «នឹងបន្តអភិវឌ្ឍន៍កម្មនុយក្លេអ៊ែរ ក្នុងល្បឿនលឿនពេញទំហឹងតែម្តង» ឆ្លើយតបគោលនយោបាយថ្មី របស់អាមេរិក

 (សេអ៊ូល)៖ ទោះបីជាភាពតានតឹងនៅក្នុងតំបន់ មានការកើនឡើងឥតឈប់ឈរយ៉ាងណាក្តី ក៏កូរ៉េខាងជើងនៅតែមិនព្រម បង្ហាញភាពចុះញ៉មអ្វីបន្តិចនោះឡើយ ដោយនាថ្ងៃចន្ទនេះប្រទេសកុម្មុយនិស្តមួយនេះបានប្តេជ្ញាថា នឹងបន្តបង្កើនអានុភាពនៃអាវុធនុយក្លេអ៊ែររបស់ខ្លួន

នៅក្នុងសន្ទុះយ៉ាងលឿនពេញទំហឹងតែម្តង ដែលនេះគឺជាការឆ្លើយតបផ្លូវការលើកដំបូងមួយ របស់របបដឹកនាំទីក្រុងព្យុងយ៉ាង ចំពោះគោលនយោបាយថ្មី ដែលត្រូវបានដាក់ចេញនាពេលថ្មីៗកន្លងទៅនេះ ដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដែលផ្តោតសំខាន់លើការដាក់សម្ពាធ និងប្រឈមមុខគ្នាពេញទំហឹង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧។ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងម្នាក់ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ឥឡូវនេះសហរដ្ឋអាមេរិក កំពុងចាប់ផ្តើមដំបងទណ្ឌកម្ម និងសម្ពាធប្រឆាំងមកលើទីក្រុងព្យុងយ៉ាង ដែលអនុឡោមតាមគោលនយាបាយចំពោះកូរ៉េខាងជើងថ្មីរបស់ខ្លួន ដោយផ្តោតសំខាន់លើការដាក់សម្ពាធ និងប្រឈមមុខគ្នាយ៉ាងពេញទំហឹង។ ដូច្នេះហើយប្រទេសកូរ៉េខាងជើង នឹងបង្កើនល្បឿនយ៉ាងពេញទំហឹងដូចគ្នា ទៅលើវិធានការ សម្រាប់បង្កើនអានុភាព ក៏ដូចជាឥទ្ធិពលអាវុធនុយក្លេអ៊ែររបស់ខ្លួនផងដែរ»។

សេចក្តីថ្លែងការណ៍ខាងលើនេះ បន្ថែមទៀតថា «កូរ៉េខាងជើងបានត្រៀមរួចរាល់អស់ហើយ ដើម្បីឆ្លើយតបទៅនឹងសកម្មភាព គ្រប់ជម្រើស របស់សហរដ្ឋអាមេរិក ហើយទីក្រុងព្យុងយ៉ាងនឹងនៅតែបន្តពង្រឹងសមត្ថភាពយោធា សម្រាប់ការការពារខ្លួន និងបើកការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ទៅលើសត្រូវវិញដើម្បីជាការតបត»។

គួរបញ្ជាក់ថា ដោយសារតែភាពតានតឹងផ្នែកសន្តិសុខ សហរដ្ឋអាមេរិកបានបញ្ជូនក្រុមនាវាដឹកយន្តហោះចម្បាំង USS Carl Vinson ដើរដោយថាមពលនុយក្លេអ៊ែរ រួមទាំងនាវាមុជទឹក USS Michigan ដែលបំពាក់ដោយគ្រាប់មីស៊ីលប្រដេញ និងដើរដោយថាមពលនុយក្លេអ៊ែរមកកាន់ដែនទឹកក្បែរឧបទ្វីបកូរ៉េ៕

ដកស្រង់ពី៖ Fresh News