បណ្តាញសង្គម

ព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការរបស់ស្តេចថៃថ្មី នឹងប្រារព្ធធ្វើឡើងនៅចុងឆ្នាំ២០១៧!

 (បាងកក)៖ បន្ទាប់ពីបានចេញសេចក្តីប្រកាស អំពីពេលវេលានៃព្រះរាជពិធីបូជាព្រះសព អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត នោះ ឧបនាយករដ្ឋមន្ត្រីថៃលោក Wissanu Krea-ngam បានប្រកាសនៅថ្ងៃសុក្រនេះថា ព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការរបស់ស្តេចអង្គថ្មី ព្រះបាទ មហា វិច្ចិរ៉ាឡុងកន នឹងប្រារព្ធធ្វើឡើង នៅអំឡុងចុងឆ្នាំ២០១៧ខាងមុខនេះ។

នេះបើតាមការដកស្រង់ការផ្សាយរបស់ Channel News Asia ប្រភពដើមពី Reuters នារសៀលថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧។ ទោះបីជាបែបនេះក្តី លោក Wissanu Krea-ngam មិនបានបញ្ជាក់នោះទេថា នៅចុងឆ្នាំនោះគឺជាខែអ្វីឲ្យប្រាកដ ដែលនឹងត្រូវប្រារព្ធពិធីឡើងគ្រងរាជ្យសម្បត្តិ ជារឿងដ៏មហាកម្រកំរបំផុត នៅក្នុងបណ្តាខ្សែរាជវង្ស មិនថាតែនៅព្រះរាជាណាចក្រថៃឡង់ដ៍នោះឡើយ។

គួរបញ្ជាក់ថា ព្រះសពរបស់អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ត្រូវបានគេដឹងថា នឹងត្រូវប្រារព្ធព្រះរាជពិធីបូជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ ដែលវាមានរយៈមួយឆ្នាំ និង១៣ថ្ងៃ បន្ទាប់ពីព្រះអង្គសោយទិវង្គតនៅក្នុងមន្ទីរពេទ្យទីក្រុងបាងកកប្រទេសថៃ។

អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយព្រះទិវង្គតក្នុងជន្មាយុ ៨៨ព្រះវស្សានៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្រោយពីទទួលរងអការៈរោគរុំារ៉ៃអស់ជាច្រើនឆ្នាំ ប៉ុន្តែព្រះអង្គមិនដែលបានយាងទៅព្យាបាលនៅបរទេសនោះឡើយ។ ក្រោយព្រះអង្គសោយទិវង្គត រាជទាយាទព្រះនាម មហា វិច្ចិរ៉ាឡុងកន បានឡើងគ្រងរាជ្យសម្បត្តិបន្តនៅដើមខែធ្នូ ឆ្នាំ២០១៦។

សម្រាប់ការសម្រេចព្រះរាជពិធីបូជាព្រះសព ដែលនឹងប្រារព្ធទៅរយៈពេល ០៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នោះ គឺវាសមស្របទៅតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលថៃ ដែលកាលពីអតីតព្រះមហាក្សត្រ ដែលប្រជាជនថៃគោរពស្រឡាញ់ជាងជីវិតនេះ បានសោយទិវង្គតបានប៉ុន្មានថ្ងៃបានប្រកាសថា ព្រះសពរបស់ព្រះអង្គ នឹងត្រូវតម្កល់ទុកក្នុងរាជវាំងរយៈពេលមួយឆ្នាំ ទើបប្រារព្ធព្រះរាជពិធីបូជា ហើយក្រោយពីពិធីបូជាចប់រួចរាល់នោះ ព្រះរាជពិធីដ៏ធំជាផ្លូវការនៃការ ឡើងគ្រងរាជ្យសម្បតិ្តរបស់ស្តេចអង្គថ្មី ក៏នឹងត្រូវរៀបចំឡើងផងដែរ៕

ដកស្រង់ពី៖ Fresh News