បណ្តាញសង្គម

ក្រុមឃ្លាំងមើលស៊ីរី៖ «យន្តហោះចម្បាំងរដ្ឋាភិបាលស៊ីរី វាយប្រហារដោយអាវុធគីមីលើជនស្លូតត្រង់ បណ្តាលឲ្យស្លាប់១៨នាក់!»

 (ដាម៉ាស់)៖ ប្រជាជនស៊ីវិលស្លូតត្រង់ យ៉ាងតិចចំនួន១៨នាក់ នៅក្នុងនោះមានកុមារពីរនាក់ បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយ នៅថ្ងៃអង្គារនេះ ដែលបានបញ្ចេញឧស្ម័នគីមីពុល ទៅលើក្រុងមួយកន្លែង នៅភាគពាយ័ព្យនៃប្រទេសស៊ីរី។

នេះបើតាមការអះអាងដោយ អង្គការឃ្លាំងមើលសិទ្ធិមនុស្ស ប្រចាំក្នុងប្រទេសតំបន់មជ្ឈិមបូព៌ាមួយនេះ ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។ ប្រភពដដែលបានឲ្យដឹងទៀតថា មនុស្សដែលបានស្លាប់នៅក្នុងក្រុង Khan Sheikhun នៃខេត្ត Idlib គឺដោយសារតែថប់ដង្ហើម បូករួមជាមួយឥទ្ធិពលរបស់ឧស្ម័ននោះ បន្ទាប់ពីកងយន្តហោះចម្បាំងរបស់កងទ័ពរដ្ឋាភិបាលស៊ីរី ឬមួយក៏អាចជារបស់ប្រទេសរុស្ស៊ី បានបើកការវាយលុកទៅលើតំបន់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ឧទ្ទាមនេះ។

គួរបញ្ជាក់ថា ក្រុមឃ្លាំងមើលខាងលើ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស មិនទាន់អាចអះអាងឲ្យច្បាស់ពីប្រភេទនៃសារធាតុគីមីនោះនៅឡើយទេ ខណៈរដ្ឋាភិបាលស៊ីរីតាំងពីដើមរៀងមកតែងតែបានច្រានច្រោលជាដដែលៗ ចំពោះការចោទខ្លួនថាបានប្រើប្រាស់សព្វាវុធបែបនេះ៕

ដកស្រង់ពី៖ Fresh News