បណ្តាញសង្គម

អាជ្ញាធរឥណ្ឌូណេស៊ី «កម្ទេចទូកខុសច្បាប់សរុប ៣១៧គ្រឿង» ដែលភាគច្រើនមកពី វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងថៃ!

 (ហ្សាការតា)៖ នាចុងសប្តាហ៍នេះ អាជ្ញាធរឥណ្ឌូណេស៊ី ទើបតែបានកម្ទេចចោលទូកនេសាទចំនួន ៨១គ្រឿង ភាគច្រើនជារបស់បរទេស ដែលរឹបអូសបាននៅពេល លួចធ្វើការនេសាទខុសច្បាប់ នៅក្នុងដែនទឹកនៃ ប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ ហើយបើគិតចាប់តាំងតែពីពេល នៃការបើកយុទ្ធនាការប្រឆាំង ការនេសាទត្រីខុសច្បាប់ របស់ប្រធាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ក្នុងឆ្នាំ២០១៤មក ទូកនេសាទមានចំនួនមិនតិចជាង ៣០០គ្រឿងនោះឡើយត្រូវបានបំផ្លាញចោល។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។ ឥណ្ឌូណេស៊ីគឺជាប្រទេសមានតំបន់នេសាទ ដែលសម្បូរទៅដោយធនធានជាច្រើនកន្លែង ប៉ុន្តែអាជ្ញាធរបានជួបប្រទះបញ្ហាលំបាក ក្នុងការទប់ស្កាត់ទូកនេសាទ ដែលភាគច្រើនមកពីប្រទេសអាស៊ីជិតខាង កុំឲ្យរុលចូលមកក្នុងដែនសមុទ្រជុំវិញប្រជុំកោះដ៏ធំល្វឹងល្វើយរបស់ខ្លួន។

រដ្ឋមន្រ្តីកិច្ចការដែនសមុទ្រ និង នេសាទ ឥណ្ឌូណេស៊ីលោកស្រី Susi Pudjiastuti បានថ្លែងការកម្ទេចទូកនេសាទនេះ នឹងអាចធ្វើជាគំរូសម្រាប់ឲ្យអ្នក ដែលមានបំណងមកធ្វើការនេសាទខុសច្បាប់ នៅក្នុងច្បាប់នៅក្នុងដែនសមុទ្រឥណ្ឌូណេស៊ី មានការញញើតកោតក្រែង លែងហ៊ានប្រព្រឹត្តទង្វើនេះទៀត។ គោលការណ៍ដ៏តឹងរ៉ឹងលើបញ្ហានេសាទខុសច្បាប់នេះ ធ្លាប់បានបង្កភាពតានតឹងអស់មួយរយៈ ជាមួយនឹងប្រទេសជិតខាងដទៃៗទៀត។តួយ៉ាងកាលពីឆ្នាំនាវាល្បាតដែនសមុទ្រមួយគ្រឿង របស់ប្រទេសចិនបានចូលមកលូកដៃ នៅពេលដែលអាជ្ញាធរឥណ្ឌូណេស៊ីបានព្យាយាមរឹបអូសទូកនេសាទមួយគ្រឿងចិនមួយគ្រឿង ដោយសារបានចូលមកធ្វើការនេសាទខុសច្បាប់ក្នុងដែនទឹក ក្បែរតំបន់សមុទ្រចិនខាងត្បូងដែលមានជម្លោះ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៤ ឥណ្ឌូណេស៊ីបានធ្វើការប៉ាន់ប្រមាណថា ការនេសាទខុសច្បាប់ បានធ្វើប្រទេសមួយនេះខាតបង់ថវិកាចំនួន ៧.៥៨ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ហើយចាប់តាំងពីពេលនោះមក រដ្ឋាភិបាលទីក្រុងហ្សាការតាបានកម្ទេចទូកនេសាទខុសច្បាប់អស់ចំនួន៣១៧គ្រឿង ដែលភាគច្រើនមកពីប្រទេសជិតខាងរួមមាន ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម៕

ដកស្រង់ពី៖ Fresh News