បណ្តាញសង្គម

គ្រោះរអិលបាក់ដីដ៏សាហាវនៅកូឡុំប៊ី សម្លាប់មនុស្សកើនដល់១២៧នាក់ បាត់ខ្លួនជាង២០០នាក់ និងរងរបួសជាង៤០០នាក់

(កូឡុំប៊ី)៖ អង្គការកាកបាទក្រហម របស់ប្រទេសកូឡុំប៊ីបានឲ្យដឹងថា ហេតុការណ៍គ្រោះរអិលបាក់ដីដ៏សាហាវបានឆក់យកជីវិតមនុស្ស កើនឡើងដល់១២៧នាក់ហើយ, បាត់ខ្លួនជាង២០០នាក់ និងរងរបួសជាង៤០០នាក់ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅយប់ឆ្លងចូលថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០១៧នេះ។

ភ្លៀងធ្លាក់ជាប់គ្នាឥតឈប់ឈរអស់ជាច្រើនម៉ោង បានធ្វើបណ្តាលឲ្យទន្លេជាច្រើនជន់លិច ហើយបង្កជាទឹកជំនន់បំផ្លិចបំផ្លាញលំនៅដ្ឋាន ប្រជាជនជាមួយភក់ល្បាប់នៅក្នុងខេត្ត Putumayo។ ជាមួយគ្នានេះប្រធានាធិបតីកូឡុំប៊ីលោក Juan Manuel Santos ដែលកំពុងតែមានវត្តមាននៅតំបន់រងគ្រោះផងដែរនោះ បានថ្លែងថា កងទ័ពនិងមន្រ្តីប៉ូលិស ត្រូវបានបញ្ជូនទៅកាន់ទីនោះជាការឆ្លើយតបសង្រ្គោះបន្ទាន់ហើយ។

គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារឧតុនិយមជាតិកូឡុំប៊ី ខែមីនាកន្លងទៅនេះគឺជាខែដែលមានភៀងធ្លាក់ច្រើនជោគជាំជាងគេបង្អស់ប្រចាំប្រទេសអាមេរិកឡាទីនមួយនេះ គិតចាប់តាំងពីឆ្នាំ២០១១មក៕

ដកស្រង់ពី៖ Fresh News