«មុនចាកចេញពីម៉ាឡេស៊ី អគ្គរដ្ឋទូតកូរ៉េខាងជើងនិយាយថា ការបណ្តេញលោកចេញនេះ ជាការបង្កផលប៉ះពាល់ខ្លាំងណាស់ ដល់ប្រទេសទាំងពីរ!»
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានអន្តរជាតិ
(គូឡាឡាំពួរ)៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ដែលត្រូវបានបណ្តេញចេញពីប្រទេសម៉ាឡេស៊ី នៅក្នុងជម្លោះដ៏រកាំរកូសជុំវិញ ការស៊ើបអង្កេតទៅលើករណីឃាតកម្ម របស់បងប្រុសម្តាយទីទៃនៃមេដឹកនាំកំពូលកូរ៉េខាងជើងនោះ នៅថ្ងៃចន្ទនេះបានថ្លែងថា ទង្វើរបស់រដ្ឋាភិបាលម៉ាឡេស៊ី បានធ្វើឲ្យប៉ះពាល់ដល់ចំណងទាក់ទងទ្វេភាគី នៃប្រទេសទាំងពីរ។
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧។ ស្របពេលដែលរៀបចំខ្លួន ដើម្បីធ្វើដំណើរចាកចេញពីប្រទេសអាស៊ានមួយនេះ នៅល្ងាចថ្ងៃចន្ទ ទី០៦ ខែមីនា ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងលោក កាង ចុល (Kang Chol) បានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯអាកាសយានដ្ឋានអន្តរជាតិ នៃរដ្ឋធានីគូឡាឡាំពួរថា «ខ្ញុំមានក្តីព្រួយបាម្ភយ៉ាងជ្រាលជ្រៅ ចំពោះវិធានការកម្រិតធ្ងន់ៗបែបនេះ របស់រដ្ឋាភិបាលម៉ាឡេស៊ី ដែលកំពុងផ្តល់លទ្ធផលយ៉ាងអាក្រក់ ទៅលើទំនាក់ទំនងយ៉ាងយូរអង្វែង នៃប្រទេសទាំងពីរ»។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ម៉ាឡេស៊ីបានទុកពេលវេលាឲ្យលោក កាង ចំនួន៤៨ម៉ោង ឬពីរថ្ងៃដើម្បីរៀបចំបង្វិចចាកចេញ បន្ទាប់ពីមិនធ្វើការសូមអភ័យទោសចំពោះពាក្យសម្តីរបស់លោក កាលពីមុននេះ ដែលថាកូរ៉េខាងជើង មិនអាចជឿទុកចិត្តលើការស៊ើបអង្កេត របស់អាជ្ញាធរម៉ាឡេស៊ីបាននោះឡើយ ជុំវិញការស្លាប់របស់លោក គីម ជុងណាំ កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ ហើយលោក កាង ចុង បានចោទប្រកាន់ម៉ាឡេស៊ីថា បានផ្សំគំនិតជាមួយកម្លាំងពីខាងក្រៅ ដើម្បីបង្ខូចភាពស្អាតស្អំរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ថែមទៀតផង៕
ដកស្រង់ពី៖ Fresh News