Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អូស្រ្តាលីនិងប៉ាពូអាស៉ីនូវែលហ្គីណេ ចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយគ្នា

  • បោះពុម្ព

(កង់បេរ៉ា)៖ នៅថ្ងៃព្រហស្បតិ៍នេះ អូស្រ្តាលីហើយនិងប៉ាពូអាស៉ីនូវែលហ្គីណេ (PNG) បានចុះកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីជាមួយគ្នា ដែលត្រូវបាននាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese និងនាយករដ្ឋមន្រ្តី PNG លោក James Marape អះអាងថា បង្ហាញពីទំនាក់ទំនងយ៉ាងស្និទ្ធស្នាលរវាងប្រទេសជិតខាងទាំងពីរ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣។ លោក Marape បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយអូស្រ្តាលី បានស្តែងឱ្យឃើញថា ប្រទេសទាំង២ មានភាពស្និទ្ធស្នាលគ្នាដូចបងប្អូន ប៉ុន្តែលោកបានបន្ថែមថា PNG នឹងមិនជ្រើសរើសខាងណាមួយឡើយ ហើយមាននយោបាយការបរទេស ដែលប្រកាន់គោលជំហរមិត្តភាពជាមួយប្រទេសទាំងអស់។

រីឯលោក Albanese បាននិយាយថា វាគឺជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងប្រវត្តិសាស្រ្តមួយ ដែលនឹងផ្តល់ភាពងាយស្រួលជាងមុន ដើម្បីឱ្យអូស្រ្តាលីអាចជួយ PNG ដោះស្រាយតម្រូវការសន្តិសុខក្នុងស្រុក»។

កិច្ចព្រមព្រៀងខាងលើ មានគោលដៅជួយពង្រឹងសន្តិសុខក្នុងស្រុករបស់ PNG តាមរយៈការជួយជ្រោមជ្រែងខាងផ្នែកប៉ូលិស ការពារជាតិ និងប្រព័ន្ធយុត្តិធម៌ ស្របពេលដែល ប្រទេសដែនកោះប៉ាស៉ីហ្វិកធំជាងគេមួយនេះ កំពុងតែប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ខ្លួន។

កិច្ចព្រមព្រៀងសន្តិសុខរវាងអូស្រ្តាលីនិង PNG បានកំណត់ថា ប្រទេសទាំង២ នឹងពិគ្រោះយោបល់គ្នា ក្នុងករណីមានការគំរាមកំហែងដល់សុខសន្តិភាពនៅតំបន់ប៉ាស៉ីហ្វិក ឬក៏ការវាយប្រហារពីខាងក្រៅលើភាគីណាមួយ។ កិច្ចព្រមព្រៀងនោះ ក៏រួមមានផងដែរ នូវការចែករំលែកព័ត៌មានសម្ងាត់ ព្រមទាំងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ព័ត៌មានវិទ្យា ដែនសមុទ្រ និងអាកាសចរណ៍។

គួរបញ្ជាក់ថា ដោយឡែក នៅចំពោះមុខការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ រវាងចិននិងសហរដ្ឋអាមេរិក នៅក្នុងតំបន់ប៉ាស៉ីហ្វិក PNG បានចុះកិច្ចព្រមព្រៀងការពារជាតិមួយ ជាមួយសហរដ្ឋអាមេរិក កាលពីខែឧសភា ឆ្នាំនេះ ហើយទន្ទឹមគ្នា កំពុងតែពង្រឹងចំណងទាក់ទងពាណិជ្ជកម្មជាមួយប្រទេសចិន៕

ដកស្រង់ពី៖ Fresh News