Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្រ្តីការបរទេសថ្មីរបស់ចក្រភពអង់គ្លេស ត្រៀមបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នាថ្ងៃពុធនេះ

  • បោះពុម្ព

(ឡុងដ៍)៖ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក David Cameron នឹងត្រូវចេញទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៉ីនតោន ក្នុងថ្ងៃពុធនេះ ដើម្បីសង្កត់ធ្ងន់ពីសារសំខាន់ នៃទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣។ បើតាមសេចក្តីថ្លែងការណ៍ ពីក្រសួងការបរទេសចក្រភពអង់គ្លេស លោក Cameron ដែលទើបត្រូវបានតែងតាំងជាប្រមុខការទូតអង់គ្លេស នឹងសន្យាពីការបន្តគាំទ្រឥតរាថយរបស់ទីក្រុងឡុងដ៍សម្រាប់អ៊ុយក្រែន ដែលកំពុងតស៊ូប្រឆាំងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ហើយរូបលោក ក៏នឹងជជែកអំពីបញ្ហាសង្រ្គាមអ៉ីស្រាអែល នៅឯដែនដីប៉ាឡេស្ទីន Gaza Strip ផងដែរ។

លោក Cameron បានលើកឡើងដូច្នេះថា «ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក មានកាតព្វកិច្ចចំពោះបេសកម្មរួមមួយ ក្នុងការការពារគុណតម្លៃ ដែលផ្តល់សន្តិសុខនិងវិបុលភាព សម្រាប់យើងទាំងអស់គ្នា។ ដូច្នេះហើយទើបពួកយើងនៅតែមិនងាករេនោះឡើយ ក្នុងការបន្តគាំទ្រចំពោះអ៊ុយក្រែន។

ពួកយើងក៏មានការឯកភាពជុំវិញបញ្ហាមជ្ឈិមបូព៌ាផងដែរ ដោយនឹងខិតខំធ្វើការរួមគ្នា ដើម្បីជួយធានាសន្តិសុខ និងស្ថិរភាពរយៈពេលវែងនៅក្នុងតំបន់នោះ»។ យោងតាមក្រសួងការបរទេសអង់គ្លេស លោក Cameron នឹងបើកកិច្ចពិភាក្សា ជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken ព្រមទាំងជាមួយ សមាជិកសភាអាមេរិក ទាំងមកពីគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ។

ពួកគេនឹងជជែកអំពីការនាំយកជំនួយមនុស្សធម៌ទៅឱ្យ ប្រជាជនស៉ីវិលដែលរងគ្រោះដោយសារជម្លោះនៅតំបន់ Gaza និងមធ្យោបាយដែលប្រទេសទាំងពីរ អាចធ្វើការរួមគ្នាសំដៅឆ្ពោះទៅជួយសម្រេចបាន នូវដំណោះស្រាយរដ្ឋពីរ ដែលមានភាពគង់វង្សយូរអង្វែង។

គួរបញ្ជាក់ថា លោក David Cameron ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៦ ហើយលោកត្រូវបានតែងតាំងជា រដ្ឋមន្រ្តីការបរទេសអង់គ្លេស ក្នុងសេចក្តីប្រកាសភ្ញាក់ផ្អើលមួយ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា នៅពេលនាយករដ្ឋមន្រ្តីអង់គ្លេសបច្ចុប្បន្ន លោក Rishi Sunak ធ្វើការរុះរើគណៈរដ្ឋមន្រ្តីរបស់លោក៕

ដកស្រង់ពី៖ Fresh News