Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជប៉ុនទទូចឱ្យចិនដោះលែងជនជាតិខ្លួន ដែលជាប់ឃុំក្នុងពន្ធនាគារពីបទចារកម្ម

  • បោះពុម្ព

 (តូក្យូ)៖ អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងតូក្យូ នៅថ្ងៃចន្ទនេះ បាននិយាយថា ជប៉ុនបានទទូចឱ្យចិនធ្វើការដោះលែង ជនជាតិជប៉ុនម្នាក់ ដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល១២ឆ្នាំ ក្រោមបទចោទប្រកាន់ធ្វើចារកម្ម។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ អ្នកនាំពាក្យជាន់ខ្ពស់ជប៉ុន លោក Hirokazu Matsuno បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ពួកយើងដឹងថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា សាលក្រមកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ ចំពោះបុរសជនជាតិជប៉ុនម្នាក់មានវ័យខ្ទង់៥០ឆ្នាំ ដែលបានជាប់ឃុំឃាំងតាំងតែខែកក្កដា ឆ្នាំ២០១៩មក គឺត្រូវបានសម្រេចជាផ្លូវការ ស្របពេលដែលបណ្តឹងឧទ្ធរណ៍ប្រឆាំងសាលក្រមនោះ ត្រូវបានបដិសេធ។

រដ្ឋាភិបាលជប៉ុននឹងបន្តប្រឹងប្រែងព្យាយាម ផ្តល់ការគាំទ្រគ្រប់បែបយ៉ាងតាមតែអាចធ្វើទៅបាន ក្រោមគោលការណ៍ការពារពលរដ្ឋជប៉ុន»។ យោងតាមក្រសួងការបរទេសជប៉ុន គិតចាប់តាំងពីច្បាប់របស់ប្រទេសចិន ស្តីពីការប្រឆាំងសកម្មភាពចារកម្ម ដែលត្រូវបានធ្វើវិសោធនកម្ម និងបានចូលជាធរមាន កាលពីឆ្នាំ២០១៥មក ជនជាតិជប៉ុនយ៉ាងហោច១៧នាក់ ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរចិន។

កាលពីខែតុលា ស្ថានទូតជប៉ុនប្រចាំនៅចិន បានទទួលស្គាល់ថា ពលរដ្ឋខ្លួនម្នាក់ ដែលជាបុគ្គលិកនៃក្រុមហ៊ុនឱសថជប៉ុន Astellas ទើបតែត្រូវបានចាប់ខ្លួនជាផ្លូវការ ពោលគឺជាច្រើនខែបន្ទាប់ពីទីក្រុងប៉េកាំង បានប្រកាសពីការឃាត់ខ្លួនបុរសម្នាក់នោះ ក្រោមបទចោទប្រកាន់ចារកម្ម។

គួរបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា នឹងត្រូវចូលរួមកិច្ចប្រជុំកំពូល APEC នៅឯទីក្រុង San Francisco នៃសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ។ យ៉ាងណាមិញ មិនមានការបញ្ជាក់ផ្លូវការថា តើមេដឹកនាំទាំងពីរ អាចនឹងឆ្លៀតឱកាសបើកកិច្ចពិភាក្សាទ្វេភាគីជាមួយគ្នាដែរក៏អត់ទេ៕

ដកស្រង់ពី៖ Fresh News