Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យោធាមីយ៉ាន់ម៉ាបាត់បង់ក្រុងយុទ្ធសាស្រ្តមួយ នៅជាប់ព្រំប្រទល់ចិន ក្នុងការប្រយុទ្ធគ្នាជាមួយក្រុមប្រដាប់អាវុធ, ទីក្រុងប៉េកាំងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់

  • បោះពុម្ព

 (ណៃពិដោ)៖ អ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា បានឱ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះថា យោធាបានបាត់បង់ការគ្រប់គ្រងលើក្រុងយុទ្ធសាស្រ្តមួយ នៅភាគខាងជើងជាប់ព្រំប្រទល់ ជាមួយប្រទេសចិន បន្ទាប់ពីមានការប្រយុទ្ធគ្នាអស់ជាច្រើនថ្ងៃ ជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ ចាប់តាំងតែពីថ្ងៃសុក្រសប្តាហ៍មុនមក ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅពាសពេញទឹកដីមួយផ្នែកធំនៃរដ្ឋ Shan ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ជាកន្លែងដែលគម្រោងតភ្ជាប់ផ្លូវដែក មានទំហំទឹកប្រាក់ខ្ទង់ពាន់លានដុល្លារ ត្រូវបានគ្រោងសាងសង់ឡើង ក្រោមក្របខណ្ឌនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធសកល «ខ្សែក្រវាត់និងផ្លូវ» របស់ប្រទេសចិន។

ក្រុមប្រដាប់អាវុធ Ta'ang National Liberation Army (TNLA), Arakan Army (AA) និង Myanmar National Democratic Alliance Army (MNDAA) បាននិយាយថា ពួកគេដណ្តើមគ្រប់គ្រងប៉ុស្តិ៍យោធានិងផ្លូវសំខាន់ៗមួយចំនួន ដែលតភ្ជាប់មីយ៉ាន់ម៉ា ជាមួយចិនដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសអាស៊ានមួយនេះ។

អ្នកនាំពាក្យរដ្ឋាភិបាលយោធា បានប្រាប់ថា រដ្ឋាភិបាលនិងកងកម្លាំងសន្តិសុខ លែងមានវត្តមាននៅក្រុង Chinshwehaw ទៀតហើយ ដែលស្ថិតនៅជាប់ព្រំប្រទល់ខេត្ត Yunnan របស់ប្រទេសចិន។ បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់របបយោធា កាលពីខែកញ្ញា ឆ្នាំនេះ គឺជាង១ភាគ៤ នៃការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនរបស់មីយ៉ាន់ម៉ាជាមួយចិន ចាប់ខែមេសាដល់កញ្ញា ដែលមានទំហំ១.៨ពាន់លានដុល្លារ គឺបានឆ្លងកាត់ក្រុង Chinshwehaw។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋមន្រ្តីសន្តិសុខសាធារណៈចិន បានជួបជាមួយប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing នៅរដ្ឋធានីណៃពិដោ សម្រាប់ថ្ងៃទី២ នៃកិច្ចពិភាក្សាជាមួយក្រុមមន្រ្តីជាន់ខ្ពស់នៃរបបសឹកមីយ៉ាន់ម៉ា ពាក់ព័ន្ធបញ្ហានៃការប្រយុទ្ធគ្នារវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច នៅតាមព្រំដែនជាប់ប្រទេសចិន។

នៅថ្ងៃព្រហស្បតិ៍នេះ ចិនក៏បានចេញមុខអំពាវនាវ ឱ្យមានបទឈប់បាញ់ជាបន្ទាន់ នៅតំបន់ភាគខាងជើងមីយ៉ាន់ម៉ាផងដែរ៕

ដកស្រង់ពី៖ Fresh News