បណ្តាញសង្គម

គ្រួសារឥណ្ឌូណេស៊ី ប្ដឹងរដ្ឋាភិបាលជុំវិញការស្លាប់ និងរបួសដោយសារសេរ៉ូក្អក

គ្រួសារឥណ្ឌូណេស៊ីរាប់សិបនាក់ ដែលមានសាច់ញាតិ បានស្លាប់ ឬរងរបួស បន្ទាប់ពីបានប្រើប្រាស់ស៊ីរ៉ូក្អកមានបញ្ហា បានប្តឹងរដ្ឋាភិបាល និងក្រុមហ៊ុននានា ដោយចោទប្រកាន់ថា បានផ្គត់ផ្គង់ផលិតផលនេះចូលទីផ្សារ នេះបើយោងតាមពាក្យបណ្តឹងមួយ។

ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ មានការរីករាលដាលនៃករណីរបួសក្រលៀនស្រួចស្រាវ ចាប់តាំងពីខែសីហាមក ជាមួយនឹងការស្លាប់របស់មនុស្សយ៉ាងហោចណាស់១៩៩ នាក់ ភាគច្រើនជាកុមារ ដែលជំរុញឱ្យមានការស៊ើបអង្កេត និងហាមឃាត់ការលក់ថ្នាំរាវ ប្រភេទស៊ីរ៉ូមួយចំនួន។ បណ្តឹងចំណាត់ការនេះ ផ្តោតលើក្រសួងសុខាភិបាល ទីភ្នាក់ងារចំណីអាហារ និងឱសថរបស់ប្រទេស និងក្រុមហ៊ុនចំនួនប្រាំពីរ ពាក់ព័ន្ធក្នុងការលក់ស៊ីរ៉ូ ដែលមានបរិមាណច្រើនហួសប្រមាណនៃសមាសធាតុពីរ ប្រើប្រាស់ក្នុងផលិតផលឧស្សាហកម្ម ដូចជា ប្រឆាំងនឹងកំណកជាដើម។

តំណាងស្របច្បាប់នៃសាច់ញាត្តិជនរងគ្រោះ បានប្រាប់ AFP ថា ពួកគេ បានចាត់វិធានការដោយសារតែអាជ្ញាធរបរាជ័យក្នុងការទប់ស្កាត់ការលក់ថ្នាំ ដែលបង្កគ្រោះថ្នាក់ និងការស្លាប់ ឬរបួសរបស់កុមារជាបន្តបន្ទាប់។

គ្មាននរណាម្នាក់ បានអះអាងពីការទទួលខុសត្រូវទេ។ ពួកគេ មានការខកចិត្តយ៉ាងខ្លាំងចំពោះស្ថានភាពបច្ចុប្បន្ន។ គ្រួសារជនរងគ្រោះ កំពុងស្វែងរកសំណងប្រហែល២ ពាន់លានរូពី (127,049 ដុល្លារអាមេរិក) សម្រាប់មនុស្សគ្រប់រូប ដែលបានស្លាប់ និងប្រហែល១ ពាន់លានរូពី (63,524 ដុល្លារអាមេរិក) សម្រាប់មនុស្សគ្រប់រូប ដែលរងរបួស។ សូមបញ្ជាក់ថា កន្លងមកប៉ូលីសឥណ្ឌូនេស៊ី បានបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនយ៉ាងហោចណាស់ចំនួនបីនិងបានផ្អាកជាបណ្តោះអាសន្ននូវអាជ្ញាប័ណ្ណក្នុងការផលិតថ្នាំស៊ីរ៉ូរបស់ពួកគេផងដែរ។