បណ្តាញសង្គម

ក្រុមតាលីបង់ប៉ាគីស្ថាន បំផ្ទុះគ្រាប់បែកអត្តឃាតផ្តាច់ជីវិតមនុស្ស៣នាក់ និងបង្កឱ្យរបួស២៨នាក់ ក្រោយប្រកាសបញ្ចប់បទឈប់បាញ់

ប៉ូលិសប៉ាគីស្ថាន បានឱ្យដឹងថា កាលពីថ្ងៃពុធ ករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បានកើតឡើងនៅទីក្រុងកេតតា (Quetta) ភាគនិរតីប្រទេស ដែលមានគោលដៅលើកងកម្លាំងល្បាតរបស់ប៉ូលិស ដោយជាលទ្ធផលមនុស្ស៣នាក់ បានស្លាប់ ហើយ២៨នាក់ផ្សេងទៀត បានរងរបួស។

មន្រ្តីប៉ូលិសប៉ាគីស្ថានខាងលើ បានប្រាប់ AFP ថា «ការវាយប្រហារបំផ្ទុះគ្រាប់បែក ដែលមានគោលដៅទៅលើកងកម្លាំងប៉ូលិសល្បាត បានបង្កឱ្យមនុស្សជិត៣០នាក់រងរបួស ក្នុងនោះពាក់កណ្តាលជាមន្រ្តីប៉ូលិស ខណៈអ្នកបាត់បង់ជីវិតមានប៉ូលិសម្នាក់ ស្រ្តីម្នាក់ និងកុមារម្នាក់»។ ក្រុមតាលីបង់ប៉ាគីស្ថាន បានចេញមុខអះអាងថា សកម្មភាពវាយប្រហារអត្តឃាតខាងលើ គឺជាទង្វើរបស់ពួកគេ។

កាលពីថ្ងៃចន្ទ ក្រុមសកម្មប្រយុទ្ធនេះ ទើបតែប្រកាសបញ្ចប់បទឈប់បាញ់មួយជាមួយរដ្ឋាភិបាលប៉ាគីស្ថាន បន្ទាប់ពីសម្រេចបានវាកាលពីប៉ុន្មានខែមុន ហើយចេញបញ្ជាឱ្យអ្នកប្រយុទ្ធរបស់ខ្លួន បន្តការវាយប្រហារនៅក្នុងប្រទេសអាស៉ីខាងត្បូងនេះឡើងវិញ។ សូមបញ្ជាក់ថា ក្រុមតាលីបង់ប៉ាគីស្ថាន គឺជាក្រុមសកម្មប្រយុទ្ធដាច់ដោយឡែក ពីក្រុមតាលីបង់ដែលនៅស្ថិតប្រទេសអាហ្វហ្កានីស្ថាន ប៉ុន្តែប្រកាន់មនោគមវិជ្ជាជ្រុលនិយមដូចគ្នា។