បណ្តាញសង្គម

ភ្នំភ្លើងធំបំផុតលើលោក ដែលស្ថិតនៅកោះហាវ៉ៃរបស់អាមេរិក ផ្ទុះឡើងជាលើកដំបូង ក្នុងរយៈពេលជិត៤០ឆ្នាំ

ភ្នំភ្លើង ម៉ោណា ឡៅ (Moauna Loa) នៅរដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិក ដែលជាភ្នំភ្លើងសកម្មធំបំផុតលើពិភពលោក ទើបតែបានផ្ទុះឡើងវិញជាលើកដំបូង ក្នុងរយៈពេលជិត៤ទសវត្សរ៍មកនេះ។

ទីភ្នាក់ងារអង្កេតភូគព្ភសាស្រ្តរបស់អាមេរិក USGS បានឱ្យដឹងថា បន្ទុះភ្នំភ្លើងខាងលើ បានចាប់ផ្តើម កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ (ពេលវេលាក្នុងតំបន់) នៅលើកោះហាវ៉ៃ ដែលជាកោះធំជាងគេនៃរដ្ឋហាវ៉ៃ។ បើទោះបីជាមានការជះផេះ និងខ្ទាតកម្ទេចកម្ទីផ្សេងៗ ហើយកម្អែរ បានហូរចេញមកក៏ដោយ ក៏មិនទាន់មានការគំរាមកំហែងចំពោះសហគមន៍ក្បែរខាងនៅឡើយទេ រីឯការស្នើឱ្យជម្លៀសខ្លួនក៏មិនទាន់មានដែរ ប៉ុន្តែប្រជាជន ត្រូវបានក្រើនរំឭកឱ្យប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈជាប់និច្ច។

សូមបញ្ជាក់ថា នៅរដ្ឋហាវ៉ៃទាំងមូល មានភ្នំភ្លើងសកម្មសរុបចំនួន៦។ ភ្នំភ្លើង ម៉ោណា ឡៅ ដែលធំជាងគេលើផែនដី បានផ្ទុះឡើងសរុបចំនួន៣៣លើក ចាប់តាំងពីឆ្នាំ១៨៤៣មក ជាពេលដែលមានការកត់ត្រាគ្រប់ជ្រុងជ្រោយ។

បន្ទុះលើកចុងក្រោយបង្អស់របស់វា គឺនៅឆ្នាំ១៩៨៤ ដែលមានរយៈពេល២២ថ្ងៃ ហើយកម្អែរភ្នំភ្លើងនាពេលនោះ បានហូរទៅដល់ចម្ងាយត្រឹម ៧គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុងហ៉ីឡូ (Hilo) ដែលសព្វថ្ងៃមានមនុស្សរស់នៅ៤៤,០០០នាក់។ ដោយឡែកភ្នំភ្លើងមួយទៀតឈ្មោះ ឃីឡូវេ (Kilauea) ដែលស្ថិតនៅភាគអាគ្នេយ៍ភ្នំភ្លើង ម៉ោណា ឡៅ ក៏បាននិងកំពុងបញ្ចេញសកម្មភាពផ្ទុះ ក្នុងកម្រិតតិចតួចផងដែរ ចាប់ពីឆ្នាំ២០២១មក ខណៈកាលពីឆ្នាំ២០១៨ បន្ទុះដែលអូសបន្លាយពេលរាប់ខែរបស់វា បានបំផ្លាញលំនៅឋានចំនួន ៧០០ខ្នង នេះបើតាមការផ្សាយរបស់ AFP ។