បណ្តាញសង្គម

នាយករដ្ឋមន្ត្រីជប៉ុន ចង់បង្កើនកញ្ចប់ថវិកាយោធាឱ្យដល់ ២ភាគរយនៃ GDP នៅឆ្នាំ២០២៧ (Video inside)

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) បានប្រាប់គណៈរដ្ឋមន្ត្រីរបស់លោក បង្កើនកញ្ចប់ថវិកាយោធាឱ្យដល់ ២ភាគរយ នៃផលិតផលនៅក្នុងស្រុកសរុប ឬ GDP នៅឆ្នាំ២០២៧ ចំពោះមុខការកើនឡើងឥទ្ធិពលចិន និងការរីកចម្រើនទៅមុខនៃសមត្ថភាព យោធាកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក គីស៊ីដា បានប្រកាសពីផែនការខាងលើប្រាប់រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់លោក កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្នុងគ្រាដែល ជប៉ុន កំពុងត្រួតពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រការពារជាតិ និងសន្តិសុខរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ក្នុងនោះរួមមានការកើនឡើង ឥទ្ធិពលចិន ការគំរាមកំហែងពីកូរ៉េខាងជើង និងការផ្លាស់ប្ដូរស្ថានភាពភូមិសាស្ត្រនយោបាយ ក្រោយសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។

កាលពីខែសីហាកន្លងទៅ ក្រសួងការពារជាតិជប៉ុន បានដាក់សំណើស្នើសុំកញ្ចប់ថវិកាយោធា ៤០ពាន់លានដុល្លារ ប៉ុន្តែ ទំហំទឹកប្រាក់នេះមិនទាន់ សម្រេចជាផ្លូវការនៅឡើយទេ រហូតដល់រដ្ឋាភិបាលទីក្រុងតូក្យូ ធ្វើបច្ចុប្បន្នភាពលើគោលនយោបាយការពារជាតិជាច្រើនជាមុនសិន។

ជុំវិញកញ្ចប់ ថវិកាយោធានេះដែរ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រោយជំនួបជាមួយលោក គីស៊ីដា រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក យ៉ាស៊ុកាហ្សូ ហាម៉ាដា (Yasukazu Hamada) បានបញ្ជាក់ថារដ្ឋាភិបាលជប៉ុននឹងបង្កើនកញ្ចប់ថវិកាយោធា និងការចំណាយផ្សេងៗទៀត ឱ្យដល់ ២ភាគរយ នៃ GDP នៅឆ្នាំ២០២៧។ គួរបញ្ជាក់ថា កញ្ចប់ថវិកាយោធារបស់ជប៉ុន ក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ មានកម្រិតត្រឹម ១ភាគរយ ឬតិចជាងនេះនៃ GDP តែប៉ុណ្ណោះ។

ប៉ុន្តែ ការកើនឡើងឥទ្ធិពលចិន ការគំរាមកំហែងពីកូរ៉េខាងជើង រួមទាំងសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បានជំរុញឱ្យរដ្ឋាភិបាលរបស់លោក គីស៊ីដា ដាក់ចេញផែនការបង្កើនកញ្ចប់ថវិកាយោធា ហើយតួលេខ ២ភាគរយគឺជាកម្រិតនៃកញ្ចប់ថវិកាយោធាស្ដង់ដារដែលបក្សសម្ព័ន្ធយោធា NATO តម្រូវលើបណ្ដាប្រទេសជាសមាជិករបស់ខ្លួន៕

 

ដកស្រង់ពី៖Fresh News