បណ្តាញសង្គម

អនុប្រធានាធិបតីអាមេរិក ធ្វើដំណើរទៅដល់កូរ៉េខាងត្បូង ក្រោយកូរ៉េខាងជើងបាញ់តេស្ដមីស៊ីល

អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានធ្វើដំណើរទៅដល់កូរ៉េខាងត្បូងហើយ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពង្រឹងសម្ព័ន្ធភាពរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងសេអ៊ូល មួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោង។

លោកស្រី ហារីស ដែលបានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាស អូសាន (Osan) ក្រោយបញ្ចប់ទស្សនកិច្ចនៅជប៉ុន ដើម្បីចូលរួមពិធីបុណ្យសពថ្នាក់ជាតិអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ហើយគ្រោងនឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យុល។

មិនតែប៉ុណ្ណោះ បើតាមក្រុមមន្ត្រីអាមេរិក លោកស្រីអនុប្រធានាធិបតីអាមេរិក ក៏មានផែនការបំពេញទស្សនកិច្ចទៅកាន់តំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំង២ផងដែរ ខណៈដំណើរទស្សនកិច្ចនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យកូរ៉េខាងជើងក្ដៅក្រហាយ។ កូរ៉េខាងជើង បានធ្វើតេស្ដបាញ់មីស៊ីលផ្លោងចំនួន២គ្រាប់ មុនដំណើរទស្សនកិច្ចរបស់លោកស្រី ហារីស ដោយមួយគ្រាប់ត្រូវបានធ្វើតេស្ដកាលពីថ្ងៃអាទិត្យ និងមួយគ្រាប់ទៀត ត្រូវបានបាញ់សាកល្បងកាលពីថ្ងៃពុធកន្លងនេះបើតាមការផ្សាយរបស់ Reuters។