បណ្តាញសង្គម

វៀតណាម បន្ធូរបន្ថយកម្រិតព្យុះទីហ្វុង Noru មកជាព្យុះត្រូពិក តែព្រមានពីទឹកជំនន់

វៀតណាម កាលពីថ្ងៃពុធ បានបន្ធូរបន្ថយកម្រិតព្យុះទីហ្វុង Noru មកនៅត្រឹមជាព្យុះត្រូពិកវិញ ប៉ុន្តែបានព្រមានឱ្យប្រជាជន នៅតែបន្តការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះហានិភ័យនៃគ្រោះទឹកជំនន់ និងរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។

ព្យុះទីហ្វុង Noru បានវាយប្រហារលើខេត្ត កាងណាំ ជាមួយល្បឿនខ្យល់បក់ ១១៧គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធ។ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ជនរងគ្រោះណាមួយនៅឡើយទេ ប៉ុន្តែរូបភាពជាច្រើន ត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម បានបង្ហាញពីដើមឈើជាច្រើនដើម ដួលរលំ និងល្បាប់ភក់នៅពាសពេញផ្លូវថ្នល់។

មុនបក់បោកមកដល់វៀតណាម ព្យុះទីហ្វុង Noru គឺជាព្យុះដ៏កំណាចមួយ ដែលបានវាយប្រហារលើប្រទេសហ្វីលីពីន ដោយផ្ដាច់ជីវិតមនុស្ស ៨នាក់ កាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃពុធ។