បណ្តាញសង្គម

ប្អូនស្រីលោកគីម ជុងអ៊ុន ព្រមានសងសឹកក្រុងសេអ៊ូលរឿងជំងឺ COVID-19

អ្នកនាង Kim Yo Jong ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានចោទប្រកាន់កូរ៉េខាងត្បូងថា បានបង្កឱ្យមានការផ្ទុះឡើងនៃ COVID-19 នៅក្នុងប្រទេសខ្លួន ហើយបានព្រមានសងសឹក ខណៈដែលទីក្រុងព្យុងយ៉ាង បានប្រកាស "ជ័យជំនះ" លើការផ្ទុះឡើងរបស់ខ្លួន ។

ការគំរាមរបស់អ្នកនាង Kim Yo Jong ត្រូវបានដកស្រង់ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA និងជាការឆ្លើយតបទៅនឹងទង្វើដែលអ្នកនាងផ្ទាល់ចោទថា អាជ្ញាធរកូរ៉េខាងត្បូង បានបញ្ជូនវីរុសកូរ៉ូណាកូវីដ១៩ តាមរយៈការបើកដៃឱ្យក្រុមសកម្មជនកូរ៉េខាងត្បូង បង្ហោះខិតប័ណ្ណរិះគន់របបដឹកនាំលោក Kim Jong Un ចូលក្នុងប្រទេសកូរ៉េខាងជើង។

ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងរូបនេះ បានប្តេជ្ញាកម្ទេចមិនត្រឹមតែមេរោគនោះទេ តែថែមទាំងអាជ្ញាធរសេអ៊ូល ប្រសិនបើពួកគេ នៅតែបង្ករឿងបែបនេះ ដែលនេះជាការសងសឹកដ៏សាហាវបំផុត។

ឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់អ្នកនាង Kim Yo Jong អាជ្ញាធរកូរ៉េខាងត្បូង បានបង្ហាញការសោកស្ដាយជាខ្លាំងចំពោះការចោទប្រកាន់របស់នាង ដែលបានទម្លាក់កំហុសលើខិតប័ណ្ណ ដែលក្រុមសកម្មជនកូរ៉េខាងត្បូងបង្ហោះតាមបាឡុង ចូលកូរ៉េខាងជើងជាមូលហេតុនៃការឆ្លងរាលដាលកូវីដ១៩។

គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គី Kim Jong Un កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយបានបញ្ជាឱ្យលុបចោលវិធានការទប់ស្កាត់នានា ដែលបានដាក់ចេញកាលពីខែឧសភាកន្លងទៅ នេះបើតាមការផ្សាយរបស់ AFP ។