បណ្តាញសង្គម

មនុស្សហោចណាស់ ៨នាក់ស្លាប់ ក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់ នៅកូរ៉េខាងត្បូង

 ក្រុមមន្ត្រីកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃអង្គារថា ភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង៨០ឆ្នាំមកនេះ បានវាយប្រហារទីក្រុងសេអ៊ូល និងតំបន់ជុំវិញ ដោយបានបណ្តាលឱ្យមនុស្សហោចណាស់ ៨នាក់ស្លាប់ ដោយបង្កជាគ្រោះទឹកជំនន់ជន់លិចផ្ទះសម្បែង, យានយន្ត អគារ និងស្ថានីយ៍រថភ្លើងក្រោមដី។

ផ្នែកខ្លះនៃទីក្រុងសេអ៊ូល ទីក្រុងកំពង់ផែភាគខាងលិចនៃខេត្ត Incheon និងខេត្ត Gyeonggi ដែលព័ទ្ធជុំវិញទីក្រុងសេអ៊ូល បានទទួលរងនូវភ្លៀងធ្លាក់ខ្លាំងជាង ១០០មីលីម៉ែត្រ ក្នុងមួយម៉ោង កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ ជាមួយនឹងរបាយទឹកភ្លៀងលើសពី ១៤១.៥មីលីម៉ែត្រ ក្នុងមួយម៉ោង នៅសង្កាត់ Dongjak នៃទីក្រុងសេអ៊ូល ដែលជាកម្រិតខ្ពស់បំផុត គិតចាប់តាំងពី ឆ្នាំ ១៩៤២មក។

ប្រជាជនដែលរងគ្រោះនៅក្នុងរដ្ឋធានី ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព នៅតាមសាលារៀន និងកន្លែងសាធារណៈផ្សេងទៀត។

គួរបញ្ជាក់ថា ទីភ្នាក់ងាររដ្ឋបាលព្រៃឈើកូរ៉េខាងត្បូង បានចេញសេចក្តីណែនាំអំពីការរអិលបាក់ដីនៅក្នុងទីក្រុង និងស្រុកចំនួន ៤៧ នៅទូទាំងប្រទេស នៅព្រឹកថ្ងៃអង្គារ រួមទាំងនៅក្នុងស្រុកចំនួន៩ នៃទីក្រុងសេអ៊ូល និងផ្នែកខ្លះនៃខេត្តភាគខាងជើង និងខាងត្បូងផងដែរ នេះបើតាមការផ្សាយរបស់ Reuters ។