ចិន បាញ់បង្ហោះផ្កាយរណបម្តងចំនួន ១៦គ្រឿង ឡើងទៅកាន់ទីអវកាស
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានអន្តរជាតិ
កាលពីថ្ងៃពុធ-ម្សិលមិញនេះ ចិន បានបាញ់បង្ហោះផ្កាយរណបថ្មីៗចំនួន១៦គ្រឿងបន្ថែមទៀត ឡើងទៅកាន់ទីអវកាស ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan ដែលស្ថិតនៅខេត្ត Shanxi ឋិតនៅភាគខាងជើងនៃប្រទេសចិន។
ផ្កាយរណបទាំងអស់នោះ ត្រូវបានបាញ់បង្ហោះរួមគ្នាក្នុងជើងតែមួយ តាមរយៈគ្រាប់រ៉ុក្កែតLong March 6 កាលពីវេលាម៉ោង ១២៖៥០នាទីថ្ងៃត្រង់ (ម៉ោងនៅទីក្រុងប៉េកាំង) ហើយពួកវាត្រូវបានបញ្ជូនទៅដល់គន្លងអវកាស ដែលកំណត់ទុកនៅក្បែរផែនដី ដោយជោគជ័យ។
គួរបញ្ជាក់ថា ក្រុមផ្កាយរណបទាំង១៦គ្រឿងខាងលើ នឹងត្រូវប្រើប្រាស់ជាចម្បង នៅក្នុងផ្នែកដូចជា ការចាប់រូបភាពពីចម្ងាយ សម្រាប់បម្រើដល់វិស័យពាណិជ្ជកម្ម និងការប្រមូលទិន្នន័យទាក់ទងអាកាសធាតុ។
បេសកកម្មបញ្ជូនផ្កាយរណប កាលពីថ្ងៃពុធនោះ គឺជាបេសកកម្មលើកទី ៤៣២ សម្រាប់ត្រកូលគ្រាប់រ៉ុក្កែតដឹកជញ្ជូន Long March របស់ចិន នេះបើតាមការផ្សាយរបស់ សារព័ត៌មាន ស៊ីនហួរ កាលពីថ្ងៃពុធ។