បណ្តាញសង្គម

រដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវ រងការជន់លិច ក្រោយភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោង

 ភ្លៀងធ្លាក់ខ្លាំងជោគជាំ ចាប់ពីតាំងពីយប់ថ្ងៃសៅរ៍ ដល់វេលារំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ នេះ បានបន្សល់ទុកឱ្យផ្នែកមួយចំនួន នៃរដ្ឋធានីវៀងចន្ទន៍របស់ប្រទេសឡាវ ស្ថិតនៅក្រោមការ ជន់លិច។ នៅតាមភូមិមួយចំនួន មានទឹកលិចដល់ត្រឹមៗចង្កេះ ខណៈផ្ទះសម្បែងជាច្រើនខ្នង ត្រូវទឹកជន់ហូរ ចូលពាសពេញ។

រីឯផ្លូវថ្នល់ធំៗនៅតំបន់ខ្លះ ក៏បានប្រែក្លាយទៅប្រៀបដូចជាដងទន្លេ ជាហេតុមិន អាចឱ្យយានជំនិះធ្វើដំណើរឆ្លងកាត់បានផងដែរ។ ម៉្យាងវិញទៀត ប្រជាពលរដ្ឋខ្លះ បានអះអាងថា ពួកខ្លួន មិនអាចចេញ ឬក៏ចូលលំនៅឋានបាននោះទេ ខណៈរថយន្តមួយចំនួន ត្រូវជាប់គាំងនៅ កណ្តាលផ្លូវតែម្តង ដោយសារតែទឹកជន់ឡើងរហ័សខ្លាំងពេក។

ជាមួយគ្នានេះ សហគមន៍នៅតាមតំបន់ដែលរងគ្រោះពីទឹកជំនន់ បានប្រាប់ថា ពួកគេ មិនមាន ពេល វេលាគ្រប់គ្រាន់ ដើម្បីរៀបចំភៀសខ្លួន ឬក៏ដកខ្សែឧបករណ៍អេឡិចត្រូនិចផ្សេងៗឡើយ ដោយសារតែការកើនឡើងយ៉ាងលឿននៃកម្ពស់ទឹក។

ដោយឡែក ទោះប្រឈមនឹងស្ថានភាព យ៉ាងដូច្នេះក៏ដោយ គេឃើញប្រជាជនឡាវខ្លះ បានប្រើឱកាសនេះ យកសំណាញ់ទៅចាប់ត្រីទៅ វិញ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Laotian Times កាលពីថ្ងៃអាទិត្យ។