Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមឧទ្ធម្ភាគចក្រយោធាអាមេរិក ធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាលើកដំបូង នៅកូរ៉េខាងត្បូង គិតតាំងពីឆ្នាំ២០១៩មក

  • បោះពុម្ព

 ក្រុមឧទ្ធម្ភាគចក្រប្រយុទ្ធ Apache របស់យោធាអាមេរិក ដែលឈរជើងនៅក្នុងកូរ៉េខាងត្បូង បាននិងកំពុងធ្វើសមយុទ្ធបាញ់កាំភ្លើងយន្ត មីស៊ីល និងរ៉ុក្កែតដោយគ្រាប់ពិតៗជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៩មក ខណៈសម្ព័ន្ធមិត្តទាំងពីរ កំពុងបង្កើនការធ្វើលំហាត់យោធា ចំពោះមុខភាពតានតឹងជាមួយកូរ៉េខាងជើង។

យោធាអាមេរិក បានឱ្យដឹងថា ការហ្វឹកហ្វឺន បានបន្តឡើងវិញនៅកន្លែងហាត់សមបាញ់គ្រាប់ពិត Rodriguez ដែលស្ថិតនៅក្បែរនឹងតំបន់គ្មានយោធា DMZ ដែលខណ្ឌចែកប្រទេសកូរ៉េទាំងពីរ។ រយៈពេលមួយសប្តាហ៍មកនេះ ក្រុមឧទ្ធម្ភាគចក្រ AH-64E v6 Apache បានហ្វឹកហ្វឺន ទាំងកំលុងពេលថ្ងៃ និងយប់លើការបាញ់គ្រាប់មីស៊ីល AGM-114, គ្រាប់រ៉ុក្កែត Hydra 70, និងកាំភ្លើងយន្តប្រភេទ ៣០មីលីម៉ែត្រ។

គួរបញ្ជាក់ថា ការបាញ់គ្រាប់ពិតខាងលើ ធ្វើឡើងស្របពេលដែលអាមេរិក និងកូរ៉េខាងត្បូង បានប្រកាសថា ពួកគេ នឹងបន្តការហ្វឹកហ្វឺននៅតាមទីលានជាក់ស្តែងឡើងវិញ កំលុងពេលធ្វើលំហាត់យោធារួមគ្នា បន្ទាប់ពីត្រូវបានកាត់បន្ថយអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ ដោយសារតែបញ្ហាកូវីដ១៩ផង និងដោយសារតែកិច្ចប្រឹងប្រែងដើម្បីបន្ធូរភាពតានតឹងជាមួយកូរ៉េខាងជើងផង។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ដែលបានឡើងកាន់អំណាច កាលពីខែឧសភាកន្លងទៅ បានប្តេជ្ញាថា នឹងធ្វើឱ្យការធ្វើសមយុទ្ធរួមគ្នាជាមួយសហរដ្ឋអាមេរិក វិលទៅរកប្រក្រតីភាពដូចដើមវិញ ព្រមទាំងបង្កើនសមត្ថភាពការពារខ្លួនប្រឆាំងនឹងកូរ៉េខាងជើងផង ដែរ នេះបើតាមការផ្សាយរបស់ Reuters ។