Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅអារ៉ាប់រួម

  • បោះពុម្ព

 នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Naftali Bennett បានមកដល់ប្រទេសអារ៉ាប់រួម កាលពីថ្ងៃអាទិត្យ (១២ ធ្នូ) សម្រាប់ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងដោយនាយករដ្ឋមន្ត្រីនៃរដ្ឋជ្វីហ្វ បន្ទាប់ពីប្រទេសទាំងពីរ បានបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំមុន។

ដំណើរទស្សនកិច្ច ដែលប្រកាសដោយការិយាល័យរបស់លោក Bennett ស្របជាមួយនឹងការជំរុញផ្នែកការទូតជាថ្មីរបស់អ៊ីស្រាអែល ប្រឆាំងនឹងកិច្ចចរចាអន្តរជាតិ ដែលមហាអំណាចពិភពលោក បានបន្តជាមួយសត្រូវអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាម។

លោក Bennett កាលពីថ្ងៃចន្ទ បានជួបជាមួយរាជ្យទាយាទ Abu Dhabi គឺព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed Al-Nahyan ដើម្បីពិភាក្សាអំពី "ការពង្រឹងទំនាក់ទំនងរវាងអ៊ីស្រាអែល និងអារ៉ាប់រួម ជាពិសេសបញ្ហាសេដ្ឋកិច្ច និងបញ្ហាក្នុងតំបន់ ។

មិនមានការអត្ថាធិប្បាយភ្លាមៗពីខាងអារ៉ាប់រួម ចំពោះដំណើរទស្សនកិច្ចដែលលោក Bennett ហៅថា "ជាប្រវត្តិសាស្ត្រ" នេះទេ។ យោងតាមការិយាល័យនាយករដ្ឋមន្រ្តី បានឱ្យដឹងថា លោក ត្រូវបានទទួលបដិសណ្ឋាកិច្ចនៅទីក្រុង Abu Dhabi ដោយរដ្ឋមន្ត្រីការបរទេសអារ៉ាប់រួម Abdullah bin Zayed Al-Nahyan និងឆ្មាំកិត្តិយស។

លោកនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះ «ការធ្វើបដិសណ្ឋារកិច្ចដ៏កក់ក្តៅបំផុត» នេះ។ "ខ្ញុំ ពិតជារំភើបណាស់ ដែលបានមកទីនេះ... ជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់មេដឹកនាំអ៊ីស្រាអែលនៅទីនេះ។ យើង ទន្ទឹងរង់ចាំការពង្រឹងទំនាក់ទំនង" ។

នៅក្នុងវីដេអូ ដែលបានចេញផ្សាយមុននេះ លោក Bennett បាននិយាយថា ទំនាក់ទំនងរវាងរដ្ឋទាំងពីរ គឺ "ល្អឥតខ្ចោះ និងទូលំទូលាយ ហើយយើង ត្រូវតែបន្តថែរក្សា ពង្រឹង និងកសាងសន្តិភាពដ៏កក់ក្តៅរវាងប្រជាជន" នេះបើតាមការផ្សាយរបស់ CNA/AFP នៅព្រឹកថ្ងៃចន្ទនេះ។