អង្គការសហប្រជាជាតិ ស្វែងរកប្រាក់ចំនួន ៦០០ លានដុល្លារដើម្បីបញ្ចៀសវិបត្តិមនុស្សធម៌នៅអាហ្វហ្គានីស្ថាន
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានអន្តរជាតិ
អង្គការសហប្រជាជាតិ កំពុងរៀបចំសន្និសិទជំនួយមួយនៅទីក្រុងហ្សឺណែវ នៅថ្ងៃច័ន្ទទី ១៣ ខែកញ្ញានេះ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីរៃអង្គាសប្រាក់ជាង ៦០០ លានដុល្លារសម្រាប់អាហ្វហ្គានីស្ថាន ដោយព្រមានពីវិបត្តិមនុស្សធម៌នៅទីនោះ បន្ទាប់ពីក្រុមតាលីបង់កាន់កាប់។
សូម្បីតែមុនពេលក្រុមតាលីបង់ ដណ្តើមបានទីក្រុងកាប៊ុលកាលពីខែមុន ចំនួនប្រជាជនពាក់កណ្តាល ឬ ១៨ លាននាក់ បានពឹងផ្អែកលើជំនួយ។ មន្រ្តីអង្គការសហប្រជាជាតិ និងក្រុមជំនួយ បានព្រមានថា តួលេខនេះ មើលទៅនឹងកើនឡើង ដោយសារតែគ្រោះរាំងស្ងួត និងកង្វះលំហូរសាច់ប្រាក់ និងស្បៀងអាហារ។
ការបញ្ចប់ភ្លាមៗនូវជំនួយបរទេសរាប់ពាន់លានដុល្លារ បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាល ដែលគាំទ្រដោយប្រទេសលោកខាងលិចនៅអាហ្វហ្កានីស្ថាន និងជ័យជម្នះជាបន្តបន្ទាប់របស់ពួកតាលីបង់ បានដាក់សម្ពាធកាន់តែខ្លាំងលើកម្មវិធីរបស់អង្គការសហប្រជាជាតិ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និយាយប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា អង្គការរបស់លោក ក៏កំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ៖ «បច្ចុប្បន្នអង្គការសហប្រជាជាតិ មិនទាន់អាចបើកប្រាក់ខែដល់បុគ្គលិកខ្លួនឯងបានទេ»។
សន្និសីទទីក្រុងហ្សឺណែវ ដែលនឹងចាប់ផ្តើមនៅរសៀលថ្ងៃច័ន្ទនេះ នឹងមានការចូលរួមពីមន្រ្តីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ រួមមានលោក Guterres ប្រធានគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម លោក Peter Maurer ក៏ដូចជាតំណាងរដ្ឋាភិបាលរាប់សិបនាក់ រួមទាំងរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Heiko Maas ។
ប្រហែលមួយភាគបីនៃទឹកប្រាក់ ៦០៦ លានដុល្លារ ដែលកំពុងស្វែងរក នឹងត្រូវបានប្រើប្រាស់ដោយកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ដើម្បីជួយជនជាតិអាហ្វហ្គានីស្ថាន ដែលមិនមានអាហារគ្រប់គ្រាន់ ភាគច្រើន ដោយសារតែពួកគេ មិនអាចទទួលបានសាច់ប្រាក់ ដើម្បីចំណាយ។
អង្គការសុខភាពពិភពលោក -ជាទីភ្នាក់ងារមួយទៀតរបស់អង្គការសហប្រជាជាតិ ដែលជាផ្នែកមួយនៃការអំពាវនាវនេះ កំពុងស្វែងរកការគាំទ្រដល់មណ្ឌលសុខភាពរាប់រយ ដែលប្រឈមនឹងការបិទទ្វារ បន្ទាប់ពីម្ចាស់ជំនួយ បានដកខ្លួនចេញ នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃចន្ទនេះ។