ពួកឧទ្ទាម អាប៊ូសាយ៉ាហ្វ ស្លាប់ និង របួស ៣៣នាក់ក្នុងការប្រយុទ្ធ នៅភាគខាងត្បូងហ្វីលីពីន
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានអន្តរជាតិ
ហ្សាំបូអំាងហ្គា ៖ យ៉ាងហោចណាស់ សមាជិកក្រុមឧទ្ទាម អាប៊ូសាយ៉ាហ្វ ចំនួន ១៤នាក់បាន ស្លាប់ និង ១៩នាក់ ផ្សេងទៀត ទទួលរងរបួស នៅក្នុង ប្រតិបត្តិការ បង្ក្រាបដោយយោធា នៃ រដ្ឋាភិបាល ហ្វីលីពីន ចាប់តាំងពីព្រឹកថ្ងៃពុធ រហូតមកដល់ ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ ស្ថិតនៅខេត្ត ស៊ូលូ ភាគខាង ត្បូងប្រទេស។
ទីភ្នាក់ងារ ព័ត៌មាន ចិន ស៊ិនហួ បានដកស្រង់ សេចក្តីថ្លែងការណ៍ ពីមន្ត្រីយោធា ហ្វីលីពីន កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ថា យ៉ាងហោចណាស់ កងកម្លាំង រដ្ឋាភិបាលចំនួន ២រូបដែរ បានបូជាជីវិត នៅក្នុងប្រតិបត្តិការ ដោយបានបង្ក្រាប និង សម្លាប់ ពួកឧទ្ទាម ១៦នាក់។
កងកម្លាំង ពិសេស នៃយោធា ហ្វីលីពីន ចំនួន ៣០០នាក់ មកពីក្រុម ប្រតិបត្តិការពិសេស ASG បានចេញ ប្រតិបត្តិការ នៅតំបន់ភ្នំ នៃក្រុង ផាទីគុល របស់ខេត្ត ស៊ូលូ ឈានចូល ថ្ងៃទីពីរហើយ។ តាមការអះអាង ពីលោកស្រី រូវេណា មូយេឡា អ្នកនាំពាក្យនៃ ប្រតិបត្តិការយោធា នៃខេត្ត មីនដាណាវ បានអះអាងថា ប្រតិបត្តិការបាន ចាប់ផ្តើមកាលពី ថ្ងៃពុធ រហូតដល់ព្រឹកម៉ោង ៩ នាថ្ងៃព្រហស្បតិ៍ នេះ ដោយយើងធ្វើការ សម្លាប់ពួក អាប៊ូសាយាហ្វ អស់ជាច្រើននាក់។
តាមការអះអាងពី យោធាឲ្យដឹងថា តំបន់ដែលខ្លួន បានធ្វើការ វាយប្រហារខាងលើនេះ ជាជង្រុក លាក់ខ្លួនដ៏ធំ របស់ពួកឧទ្ទាម អាប៊ូសាយាហ្វ ដែលកន្លងមក ពួកនេះតែងតែ បង្កការវាយ ប្រហារលើ កងកម្លាំង រដ្ឋាភិបាល និង ចាប់ជម្រិតជន បរទេសជាដើម៕
ដកស្រង់ពី៖ ដើមអម្ពិល