បណ្តាញសង្គម

ករណីឆ្លង COVID-19 សរុបនៅឥណ្ឌាកើនដល់ជាង «៦សែននាក់»​

  (ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃនេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ប្រទេសរបស់ខ្លួនបានរកឃើញករណីឆ្លងនៃជំងឺ COVID-19 បន្ថែមចំនួន ១៩,១៤៨នាក់ និងករណីស្លាប់ថ្មីៗចំនួន ៤៣៤នាក់បន្ថែមទៀតនៅទូទាំងប្រទេស។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដាឆ្នាំ២០២០។

បើបូកបន្ថែមតួលេខថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លងសរុប  នៅទូទាំងប្រទេស ខាងត្បូងមួយនេះ បានកើនដល់ ៦០៤,៦៤១ករណីហើយ ដោយក្នុងនោះអ្នកជំងឺ ១៧,៨៣៤នាក់ស្លាប់បាត់បង់ជីវិត និង ៣៥៩,៨៦០នាក់ទៀតបានជាសះស្បើយឡើងវិញ។

ក្នុងន័យនេះតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល  នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្ន មានចំនួន ២២៦,៩៤៧នាក់។

គួរជម្រាបថា នារយៈពេលចុងក្រោយនេះ ឥណ្ឌាត្រូវបានគេចាត់ទុកថា ជាប្រទេស ដែលកំពុងឆ្លងកាត់ ស្ថានការណ៍លំបាកបំផុត នៅចំពោះមុខ COVID-19។ បើក្រឡេកមើលទៅលើ អត្រាអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃ គឺនៅតែមិនមានភាពថមថយនៅឡើយ ខណៈដែលប្រទេសមួយនេះជាប់ចំណាត់ថ្នាក់ទី ៤ លើពិភពលោក ក្នុងចំណោមប្រទេសដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុត។

ចំណែកឯករណីស្លាប់វិញឥណ្ឌាជាប់ចំណាត់លេខ ៨ នៅទូទាំងពិភពលោកនៃបណ្តាប្រទេស ដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុត៕

ដកស្រង់ពី៖ Fresh News