អ៊ីស្រាអែល ទទួលយកសំណើរ សន្តិភាព ពីអេហ្ស៊ីប តែមិនដឹង ការអនុវត្តបែបណា
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានអន្តរជាតិ
គែរ៖ អ្នកនាំពាក្យ រដ្ឋាភិបាលអេហ្ស៊ីប បានឲ្យដឹងថា រដ្ឋាភិបាល អ៊ីស្រាអែល បានយល់ព្រម ទទួលយកសេចក្តីព្រាង ដែលរៀបចំ ដោយទីក្រុងគែរ លើបទឈប់បាញ់គ្នា គ្មានកំណត់ពេល នៅតំបន់ហ្គាសាស្ទ្រីពហើយ ប៉ុន្តែមានមតិផ្សេងទៀត បានលើកឡើង ពីការព្រួយបារម្ភ ថាតើកិច្ចព្រមព្រៀងនេះ នឹងត្រូវអនុវត្តបែបណា បើកន្លងមក ភាគីជម្លោះ មិនបានបង្ហាញភាព ស្មោះត្រង់ជាមួយគ្នា ថានឹងបញ្ចប់ ជម្លោះឲ្យដាច់ស្រេចផងនោះ។
ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០១៤ នេះថា ការបង្ហាញ ជំហរចង់បញ្ចប់ជម្លោះ ពីសំណាក់ អ៊ីស្រាអែលនេះ បានធ្វើឡើង ឆ្លើយតបទៅនឹង សំណើអេហ្ស៊ីប តាំងពីល្ងាចថ្ងៃអង្គារ ម្សិលមិញ ដោយប្រការនេះ មានន័យថាភាគី អ៊ីស្រាអែល និង ហាម៉ាស់ ត្រូវឈប់ វាយប្រហារគ្នា ជាអចិន្ត្រៃយ៍ ហើយងាកមកមើល បញ្ហាមនុស្សធម៌វិញ។
កាលពីថ្ងៃអង្គារ ដដែលនោះ លោកប្រធានាធិបតី ប៉ាឡេស្ទីន ម៉ាហ៍ម៉ូដ អាប់បាស ក៏បានទទួល សំណើដូចគ្នាពីអេហ្ស៊ីបផងដែរ ហើយភ្លាមៗ លោកបានឆ្លើយតបវិញថា លោកពិតជាចង់ ឲ្យបទឈប់បាញ់គ្នា កើតឡើង កាន់តែឆាប់កាន់តែល្អ។ សូមបញ្ជាក់ថា ជម្លោះដ៏ខ្លាំងក្លារវាង អ៊ីស្រាអែល និង ក្រុមហាម៉ាស់ បានចាប់ផ្តើមឡើង តាំងពី ថ្ងៃទី០៨ ខែកក្កដា រហូតដល់ពេល នេះ បានបណ្តាល ឲ្យមនុស្សជាង ២ពាន់នាក់ស្លាប់ និង ជាង ១ម៉ឺននាក់រងរបួស៕
ដកស្រង់ពី៖ ដើមអម្ពិល