បណ្តាញសង្គម

ក្រុមហ៊ុនអង់គ្លេស និងចិនទើបចុះកិច្ចព្រមព្រៀងថ្មីទំហំ «៦២៧លានដុល្លារ» ដែលនឹងផ្តល់ការងាររាប់រយកន្លែង

(ឡុងដ៍)៖ ក្រុមហ៊ុនរបស់ចក្រភពអង់គ្លេស និងប្រទេសចិន បានចុះកិច្ចព្រមព្រៀងថ្មីៗ សរុបទំហំ ៥០០លានផោន ស្មើនឹង ៦២៧លានដុល្លារ សហរដ្ឋអាមេរិក ដែលនឹងផ្តល់ការងាររាប់រយកន្លែង នៅប្រទេសអឺរ៉ុបមួយនេះ។

នេះបើតាមការផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩។

សេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលអង់គ្លេស បានឲ្យដឹងថា កិច្ចព្រមព្រៀងស្តីពីវិស័យធុរកិច្ចថ្មីៗទំហំ ៥០៣លានផោន  ត្រូវបានចុះហត្ថលេខា ដោយបណ្តាក្រុមហ៊ុន របស់ចក្រភពអង់គ្លេស និងចិន ខណៈដែលកិច្ចសន្ទនាលើកទី ១០ ស្តីពីវិស័យសេដ្ឋកិច្ ចនិងហិរញ្ញវត្ថុ អង់គ្លេស-ចិន បានប្រព្រឹត្តទៅ ក្នុងទីក្រុងឡុងដ៍ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។

ម៉្យាងវិញទៀត កិច្ចព្រមព្រៀងមួយ ស្តីពីផលិតផលសាច់គោ ក៏ត្រូវបានចុះហត្ថលេខាផងដែរ ដែលវានឹងបើកផ្លូវ ឲ្យក្រុមហ៊ុនអង់គ្លេស  ចូលក្នុងទីផ្សារចិន ឡើងវិញនៅចុងឆ្នាំនេះ។ កិច្ចព្រមព្រៀងនេះសំដៅបញ្ចប់បម្រាមមួយ ដែលមានរយៈពេល ជាងពីរទសវត្សរ៍មក  ក្រោយពីទីក្រុងប៉េកាំង បានបិទការនាំចូលសាច់គោ ពីចក្រភពអង់គ្លេសកាលពីឆ្នាំ១៩៩៦។

គួរជម្រាបថា កិច្ចព្រមព្រៀងរវាង ក្រុមហ៊ុនរបស់ប្រទេសទាំងពីរ បានកើតមានស្របពេលដែលចិន  កំពុងជាប់គាំង ក្នុងសង្រ្គាមពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់ជិតស្និទ្ធរបស់ចក្រអង់គ្លេស។ កិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានគេរំពឹងថា  នឹងផ្តល់ការងារប្រមាណជិត ២០០កន្លែង សម្រាប់ប្រជាជនអង់គ្លេស៕

ដកស្រង់ពី៖ Fresh News