Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បំភ្លឺចំពោះការចោទប្រកាន់របស់គណនីហ្វេសប៊ុកឈ្មោះ ភាពយន្តខ្មែរ

  • បោះពុម្ព

ភ្នំពេញៈ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបំភ្លឺថាៈ នាពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយ ឈ្មោះ ភាពយន្តខ្មែរ បានធ្វើការបង្ហោះផ្សព្វផ្សាយរូបភាព និងពាក្យបណ្ដឹងចោទប្រកាន់មកលើរោងភាពយន្ត Legend រោងភាពយន្ត Major និងរោងភាពយន្ត Prime ថា ជារោងភាពយន្តក្បត់ជាតិ មិនទទួលចាក់បញ្ចាំងភាពយន្តខ្មែររឿង ឃាតករចិត្តល្អ ផលិតដោយផលិតកម្ម ឃីតឃីត ភីកឈ័រ ។

 

លើសពីនេះគណនីហ្វេសប៊ុកនេះ ក៏បានប្រើប្រាស់ពាក្យពេជន៍បរិហារ ជេរប្រមាថ និងគំរាមកំហែងដល់មន្ត្រីរាជការសាធារណៈ ព្រមទាំងបុគ្គលិករោងភាពយន្តទាំង ៣ ខាងលើ។ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយ ខាងលើនេះ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានធ្វើការបំភ្លឺថាៈ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ផលិតកម្ម ឃីតឃីត ភីកឈ័រ សុំអន្តរាគមន៍ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល ជាមួយគ្រប់ភាគីពាក់ព័ន្ធ តែមិនអាចឈាន ដល់ការព្រមព្រៀងគ្នាបាន។ តាមរយៈការសម្របសម្រួលនេះ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ សូមកត់សម្គាល់ និងបំភ្លឺជូនសាធារណជន ដូចខាងក្រោម ៖

១. ការចាក់បញ្ចាំងភាពយន្តក្នុងរោងភាពយន្ត គឺជាសិទ្ធិ និងការព្រមព្រៀងគ្នា រវាងម្ចាស់រោង ភាពយន្ត និងផលិតករ ដោយយោងតាមកិច្ចសន្យានៃការបញ្ចាំង ដែលកិច្ចសន្យានេះ ត្រូវបានអនុវត្តជា ទូទៅជាមួយគ្រប់ផលិតករភាពយន្តខ្មែរទាំងអស់។ ការបដិសេធមិនទទួលចាក់បញ្ចាំងភាពយន្តរឿង ឃាតករចិត្តល្អ របស់រោងភាពយន្តទាំង៣ គឺដោយសំអាងហេតុថា ភាពយន្តនេះ ពុំមានគុណភាពគ្រប់គ្រាន់ ទាំងបច្ចេកទេសថត សំឡេង និងខ្លឹមសាររឿង សម្រាប់ការចាក់បញ្ចាំង ក្នុងរោងភាពយន្ត ថ្វីត្បិតភាពយន្តនេះ មានទិដ្ឋាការផ្សព្វផ្សាយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏ដោយ។ យោងតាមអនុក្រឹត្យ ស្តីពីការគ្រប់គ្រងឧស្សាហកម្មភាពយន្ត ការផ្តល់ទិដ្ឋាការផ្សព្វផ្សាយភាពយន្ត ពីក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ គឺមានន័យថា ភាពយន្តនោះ មិនមានខ្លឹមសាររូបភាព ប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងគោលនយោបាយនានារបស់ជាតិ តែមិនមែនមានន័យបញ្ជាក់ថា រោងភាពយន្តទាំងអស់ ត្រូវតែទទួលចាក់ បញ្ចាំងភាពយន្តនេះទេ។

២. ដើម្បីរកដំណោះស្រាយលើករណីនេះ រោងភាពយន្តទាំង៣ បានឯកភាពធ្វើការជួលរោងភាពយន្តជូនផលិតកម្ម ឃីត ឃីត ភីកឈ័រ សម្រាប់ការចាក់បញ្ចាំងភាពយន្តរឿង ឃាតករចិត្តល្អ ក្នុងរោងភាពយន្តទាំង៣ ស្របតាមកិច្ចសន្យាជួល ក្នុងករណីផលិតកម្មនេះ នៅតែទទូចចង់បញ្ចាំងភាពយន្ត ខាងលើ។

ការជួលនេះ គឺជាការជួលផ្តាច់ ដោយគិតជាចំនួនថ្ងៃ ឬ ជាខែ និងមិនពាក់ព័ន្ធនឹងកាតព្វកិច្ច បែងចែកភាគលាភជាមួយរោងភាពយន្ត ដូចការអនុវត្តជាទូទៅនោះទេ។

នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ សង្ឃឹមថាៈ ភាគីពាក់ព័ន្ធទាំងអស់ នឹងបន្តការសន្ទនាគ្នា ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងអាជីព ដើម្បីរកដំណោះស្រាយសមស្រប សំដៅរួមគ្នាជំរុញលើកស្ទួយវិស័យភាពយន្តខ្មែរ ក្នុងការចូលរួមអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ទន្ទឹមនេះ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ សូមស្នើឱ្យម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ភាពយន្តខ្មែរលុបចោលនូវការបង្ហោះ ផ្សព្វផ្សាយរូបភាព និងពាក្យពេជន៍មិនសមរម្យ ដែលបង្កឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និង ដែលមានចរិតគម្រាមកំហែងសុវត្ថិភាពបុគ្គល។

នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណ ដល់សាធារណជនទាំងអស់ ដែលតែងយកចិត្តទុកដាក់ ចូលរួមថែរក្សាគាំទ្រ និងលើកតម្កើងវិស័យភាពយន្តជាតិ ឱ្យមានការវិវត្តន៍រីកចំរើន៕

 

 

ដកស្រង់ពី៖ រស្មីកម្ពុជា